KhmerPronunciationEnglish/Notes#occ
ថ្នល់ tnɑl, knɑl raised road or path 33/12

Link to overview page
Link to dictionary

Warning someone — Dialogue 2


ម្ដាយនិងកូនតូច
ម្ដាយកូនអា៎ លេងនៅម្ដុំហ្នឹងបានហើយណា កុំចេញទៅថ្នល់ ម៉ូតូឡានច្រើនអា៎
ម្ដាយនែ ម៉ោវិញ! អត់? កូននេះវៃ

Warning someone — Dialogue 1


លេងទូរស័ព្ទតាមផ្លូវ
បញ្ញាសម្បត្តិឯងឧស្សាហ៍លេងទូរស័ព្ទភ្លេចខ្លួនអា៎ពេលឆ្លងថ្នល់អីគ្រោះថ្នាក់អា៎ណា
សម្បត្តិមានទៅស្អីខ្ញុំមើលផ្លូវដែរតាសអីចឹង ខ្ញុំទៅហើយណា ង៉ៃក្រោយជួបគ្នា
សម្បត្តិអ៊ុះ!
បញ្ញាឃើញអត់? ទើបតែនិយាយផុតពីមាត់គង់តែង៉ៃណាមួយទេ សម្បត្តិឯង

Boats (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះ គឺយើងនឹងនិយាយអំពីការជិះទូក អញ្ចឹងជាទូទៅមធ្យោបាយនៅក្នុងការធ្វើដំណើរគឺមានបី គឺមាន យើងឃើញការធ្វើដំណើរតាមផ្លូវគោក ដែលយើងមានថ្នល់ មានផ្លូវថ្នល់ មានផ្លូវលំ មានផ្លូវជាតិជាដើម ហើយមួយទៀតផ្លូវគោកដែរ ដែលយើងហៅថាផ្លូវដែក អញ្ចឹងការធ្វើដំណើរតាមផ្លូវដែកគឺយើងជិះរថភ្លើង អញ្ចឹងរថភ្លើងរត់តាមផ្លូវដែក ហើយឡាន ឬក៏រថយន្ត ម៉ូតូ គឺយើងរត់លើផ្លូវថ្នល់ ផ្លូវជាតិ ដែលយើងហៅថាផ្លូវគោក ហើយមធ្យោបាយធ្វើដំណើរមួយប្រភេទទៀត គឺយើងធ្វើដំណើរតាមផ្លូវអាកាស អញ្ចឹងដើម្បីធ្វើដំណើរតាមផ្លូវអាកាស គឺយើងជិះយន្តហោះ ចំណែកឯមធ្យោបាយធ្វើដំណើរមួយវិញទៀតនោះ ដែលយើងតែងតែប្រើប្រាស់ដែរ គឺជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹក អញ្ចឹងដើម្បីធ្វើដំណើរតាមផ្លូវទឹកបាន គឺយើងត្រូវប្រើប្រាស់ទូក ដែលទូកមានដូចជាទូកអុំ ទូកចែវ ឬក៏ទូកម៉ាស៊ីនជាដើម អញ្ចឹងទូកខ្លះធំ ទូកខ្លះតូច ទៅតាមប្រភេទនៃទូកនីមួយៗ ហើយពេលខ្លះយើងចង់ជិះទូកលេងកម្សាន្តតាមទឹក ក៏យើងអាចជិះទូកបានផងដែរ ដោយទូកក៏មានដំណើរកម្សាន្តដែរ ដែលជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺជាការជិះទូកកម្សាន្តតាមផ្លូវទឹក នៅលើទឹក អញ្ចឹងយើងអាចជិះទូកកម្សាន្ត នៅមើលនៅលើទេសភាព ជុំវិញមាត់ទឹក ហើយក៏ដូចជាទេសភាព ដែលនៅលើច្រាំងក្បែរទឹកទន្លេផងដែរ

Rainy Season (Sakanan) — 08


បន្ទាប់មកទៀតរូបភាពទីនៅរូបភាពទីយើងឃើញមានជើងមួយ យើងឃើញជើងមួយនោះ គាត់កំពុងតែដើរជាន់ទឹកដែលដក់ អញ្ចឹងបានន័យថា នៅពេលដែលមេឃភ្លៀង គឺមានទឹកដក់គ្រប់ទីកន្លែង ដូច្នេះនៅពេលដែលយើងដើរ យើងត្រូវតែប្រុងប្រយ័ត្ន ព្រោះពេលខ្លះទឹកដក់នៅលើផ្លូវវាអាចធ្វើឲ្យមានភក់ ឬក៏មានល្បាប់អញ្ចឹងនៅពេលដែលយើងជាន់លើល្បាប់ ឬក៏ជាន់លើភក់ វាអាចធ្វើឲ្យភក់នោះខ្ទាតចេញមកប្រឡាក់ខោអាវរបស់យើងបានភក់ល្បាប់ វាកើតចេញពីដី ដែលនៅលើថ្នល់ ដែលដីនោះគឺវាត្រូវទឹក វាអាចធ្វើឲ្យមានសភាពខាប់ ឬក៏អន្ធិលបែកអេក[បែក…]។ អញ្ចឹងវាខ្ទាតនៅពេលដែលយើងជាន់ខ្លាំង វាអាចនឹងខ្ទាត ធ្វើឲ្យវាប្រឡាក់អាវដែលជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺមានជើងកំពុងតែជាន់ភក់ ឬក៏ជាន់ទឹកដក់ដែលនៅតាមផ្លូវ អញ្ចឹងទឹកនោះនឹងខ្ទាត នឹងខ្ទាតមកប្រឡាក់ខោរបស់យើង ឬក៏ខ្ទាតប្រឡាក់ទៅសម្លៀកបំពាក់ ដែលនៅ អ្នកដែលនៅជិតយើងផងដែរ ដូច្នេះបន្ទាប់ពីមេឃភ្លៀង យើងត្រូវតែប្រុងប្រយ័ត្ន ដើរមើលខាងក្រោម ឬក៏ដើរមើលផ្លូវ ហើយមិនត្រូវជាន់ភក់ ឬក៏ជាន់ទឹកដក់នៅតាមផ្លូវនោះទេ ព្រោះវាអាចធ្វើឲ្យយើងប្រឡាក់ខោអាវបាន

Hospital (Sakanan) — 10


បន្ទាប់មកទៀតរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញថា បន្ទាប់ពីបុរសម្នាក់នោះមកដល់មន្ទីរពេទ្យហើយ ក្រុមគ្រូពេទ្យក៏បានសែងបុរសម្នាក់នោះចេញពីឡានពេទ្យ អញ្ចឹងដោយសារតែនៅក្នុងឡានពេទ្យអត់មានឧបករណ៍សង្គ្រោះគ្រប់គ្រាន់នោះទេ ដូច្នេះគេត្រូវសែងបុរសម្នាក់នោះចេញពីឡានពេទ្យ ដោយដាក់នៅលើគ្រែរុញមួយ អញ្ចឹងគេដាក់គាត់នៅលើគ្រែរុញ ហើយមានអ្នកគ្រូពេទ្យម្នាក់ គាត់រុញគ្រែ រុញគ្រែរបស់បុរសនោះចូលទៅក្នុងបន្ទប់ព្យាបាល អញ្ចឹងយើងឃើញអម្បាញ់មិញនៅពេលដែលទៅជួយសង្គ្រោះនៅកន្លែងកើតហេតុ គ្រូពេទ្យគឺជាមនុស្សប្រុស ក៏ប៉ុន្តែនៅពេលដែលមកដល់មន្ទីរពេទ្យ យើងឃើញថាមានអ្នកគ្រូពេទ្យស្រី អ្នកគ្រូពេទ្យស្រី ដើម្បីចាំជួយព្យាបាល អញ្ចឹងគាត់បានដាក់ឲ្យបុរសម្នាក់នោះគេងទៅលើគ្រែរុញមួយ សែងបុរសម្នាក់នោះ[គឺ]ឲ្យគេងទៅលើគ្រែរុញ ហើយអ្នកគ្រូពេទ្យស្រីនោះបានរុញបុរសម្នាក់នោះចូលទៅក្នុងបន្ទប់ ដើម្បីជួយសង្គ្រោះ ឬក៏ដើម្បីព្យាបាល អញ្ចឹងដោយសារតែបុរសម្នាក់នោះគាត់ឈឺខ្លាំង ដូច្នេះគាត់អត់អាចដឹងខ្លួនបានទេ គាត់អត់អាចដើរខ្លួនឯងបានទេ ដែលគាត់កំពុងតែឈឺជើងយ៉ាងខ្លាំង និងឈឺខ្លួនគាត់យ៉ាងខ្លាំង ដោយសារតែគាត់ដួលម៉ូតូបោកទៅនឹងថ្នល់ ដោយសារតែគាត់ជិះម៉ូតូលឿនពេក

Hospital (Sakanan) — 07


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញក្រុមសង្គ្រោះបឋមរបស់គ្រូពេទ្យ អញ្ចឹងក្រុមគ្រូពេទ្យគាត់បានមកដល់កន្លែងកើតហេតុ ហើយមកមើលបុរសម្នាក់នោះ អញ្ចឹងយើងឃើញមានពេទ្យចំនួនពីរនាក់ ពេទ្យចំនួនពីរនាក់ ដែលគាត់ស្លៀកពាក់ឯកសណ្ឋានជាពេទ្យ គឺពាក់អាវ ខោ និងមានចងបូរសញ្ញារូបពេទ្យ គឺសញ្ញាបូកលេខពណ៌ក្រហម សញ្ញាបូកពណ៌ក្រហមនៅនឹងដៃស្ដាំរបស់គាត់ ហើយគាត់បានទៅត្រួតពិនិត្យទៅលើបុរសដែលគ្រោះថ្នាក់ចរាចរណ៍នោះផងដែរ អញ្ចឹងគាត់បានស្ទាបនឹងបានលើកបុរសដែលមានគ្រោះថ្នាក់នោះមកដាក់នៅលើហ្វ្រង់កាមួយ អញ្ចឹងគាត់នាំគ្នាសែងបុរសម្នាក់នោះ ប៉ុន្តែដោយសារបុរសម្នាក់នោះ គាត់មានគ្រោះថ្នាក់ចរាចរណ៍ដែលប៉ះពាល់ទៅនឹងជើង និងដៃ និងគាត់ឈឺខ្លួន ដោយសារតែគាត់បោកទៅនឹងថ្នល់ខ្លាំងពេក អញ្ចឹងនៅពេលដែលគាត់ដួល គាត់បោកទៅនឹងថ្នល់ខ្លាំង ដូច្នេះបានធ្វើឲ្យគាត់ឈឺយ៉ាងខ្លាំង អញ្ចឹងនៅពេលដែលពេទ្យគាត់លើកបុរសម្នាក់នោះដាក់ហ្វ្រង់កា គឺធ្វើឲ្យគាត់ឈឺ និងស្រែកយ៉ាងខ្លាំង ដោយសារតែគាត់មានរបួស ដូច្នេះពេទ្យនឹងព្យាយាមលើកថ្នមដើម្បីកុំឲ្យរបួសកាន់តែធ្ងន់ធ្ងរ ដោយសារតែបុរសម្នាក់នោះគាត់ងើបអត់រួច ដោយសារតែបុរសម្នាក់នោះគាត់ងើបដើរអត់រួចដោយខ្លួនឯង ដូច្នេះពេទ្យត្រូវសែងគាត់ដោយប្រើប្រាស់ហ្វ្រង់កា អញ្ចឹងពេទ្យជាដំបូងគាត់លើកបុរសម្នាក់នោះពីថ្នល់ ហើយដាក់នៅលើហ្វ្រង់កា ដើម្បីសែងដាក់ចូលឡានពេទ្យ

Coffee And Soft Drink (Sakanan) — 14


បន្ទាប់មកទៀតរូបភាពចុងក្រោយ រូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ យើងឃើញថា បន្ទាប់ពីពួកគាត់ញ៉ាំកាហ្វេរួចរាល់ហើយ អញ្ចឹងបានន័យថាពួកគាត់បញ្ចប់ការញ៉ាំកាហ្វេរបស់ពួកគាត់ ដោយបុរសម្នាក់នោះ គាត់ញ៉ាំកាហ្វេខ្មៅហើយក្ដៅ អញ្ចឹងគាត់ញ៉ាំកាហ្វេខ្មៅ ហើយក្មេងស្រីដែលជាកូនស្រីរបស់គាត់ គឺញ៉ាំទឹកក្រូច អាចជាទឹកក្រូចកូកាកូឡា ឬក៏ទឹកក្រូច Fanta ឬក៏ Sprite ជាដើមហ្នឹងអញ្ចឹងបន្ទាប់ពីគាត់ញ៉ាំហើយ ពួកគាត់ទាំងពីរអ្នកក៏បានចេញពីហាង ក្រោយពីគាត់គិតលុយរួចអញ្ចឹងមុនពេលដែលយើងចេញពីហាង យើងត្រូវហៅអ្នកបម្រើមកគិតលុយជាមុនសិន ដើម្បីទូទាត់ថាតើយើងញ៉ាំអស់ប៉ុន្មានអញ្ចឹងបន្ទាប់ពីគាត់ទូទាត់លុយ និងគិតលុយរួចរាល់ហើយ បុរសម្នាក់នោះ គាត់ក៏បានដឹកដៃកូនស្រីរបស់គាត់ចេញពីហាង និងបន្តដំណើរទៅខាងមុខទៀត ដែលគាត់មិនបានលែងដៃកូនស្រីរបស់គាត់ទេ ទោះបីជាគាត់ចេញពី ចូលទៅក្នុងហាង ហើយនិងចេញពីហាងមកវិញក៏ដោយ គឺគាត់នៅតែដើរកាន់ដៃកូនស្រីរបស់គាត់ដដែល ដោយសារតែ[…]គាត់ខ្លាចកូនស្រីរបស់គាត់ហ្នឹងគឺរត់លេងផ្ដេសផ្ដាស អញ្ចឹងគាត់ខ្លាចកូនស្រីរបស់គាត់រត់លេងផ្ដេសផ្ដាស ទៅលើថ្នល់ ឬក៏រត់លេងទៅបុកទង្គិចនឹងវត្ថុផ្សេងដែលនៅតាមផ្លូវ អាចធ្វើឲ្យកូនស្រីរបស់គាត់ហ្នឹងមានគ្រោះថ្នាក់ ដោយសារតែនាងនៅតូចអញ្ចឹងដោយសារតែនាងនៅតូច ដូច្នេះគាត់ត្រូវដើរដឹកដៃនាងឲ្យបានជាប់ ដើម្បីកុំឲ្យវង្វេងផង និងដើម្បីការពារសុវត្ថិភាពកូនស្រីរបស់គាត់ កុំឲ្យមានគ្រោះថ្នាក់ផងនៅពេលដែលគាត់ធ្វើដំណើរ ព្រោះជាទូទៅការធ្វើដំណើរនៅតាមផ្លូវតែងតែមានម៉ូតូឡានជាច្រើនដែលបើកបរ ដូច្នេះវាងាយនឹងមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ក្មេងតូចដោយសារតែក្មេងតូចគឺតែងតែរពឹស អញ្ចឹងក្មេងតូចគឺរពឹស ដូច្នេះយើងត្រូវតែការពារ និងមើលថែក្មេងតូចឲ្យបានល្អជានិច្ច ដើម្បីកុំឲ្យនាងមានគ្រោះថ្នាក់ និងវង្វេងផ្លូវបាន

Hospital (Sakanan) — 03


បន្ទាប់មករូបភាពទីរូបភាពទីយើងឃើញថា បុរសម្នាក់នោះ គាត់ ទោះបីជាគាត់ព្យាយាមទប់ចង្កូតរបស់គាត់កុំឲ្យរអិលយ៉ាងណាក៏ដោយ ក៏ប៉ុន្តែដោយសារតែគាត់ជិះលឿនពេក ដោយសារតែគាត់បើកបរក្នុងល្បឿនលឿនពេក ដូច្នេះនៅពេលដែលគាត់កិនផ្លូវរអិល ជិះកាត់ផ្លូវរអិល ឬក៏ជិះកាត់ទឹក អញ្ចឹងវាធ្វើឲ្យគាត់ទប់ចង្កូតអត់ជាប់ ដូច្នេះនៅក្នុងរូបភាពទីយើងឃើញថា ម៉ូតូរបស់គាត់ក៏បានដួល អញ្ចឹងប្រសិនបើយើងជិះយឺតឬក៏ជិះល្មមគឺនៅពេលដែលយើងជិះកាត់ផ្លូវរអិល ឬក៏ជិះកាត់ក្រឡុក ឬក៏ជិះកាត់ទឹកដក់ គឺយើងអាចទប់ចង្កូតបាន បានន័យថាយើងអាចទប់លំនឹងម៉ូតូរបស់យើងមិនឲ្យរេ ឬក៏មិនឲ្យរអិលដួលបាន ឬក៏យើងអាចដាក់ជើងទប់ជាប់បាន បានន័យថាយើងគ្រាន់តែដាក់ជើងដាក់ចុះមកដី គឺវាអាចទប់លំនឹងម៉ូតូរបស់យើងកុំឲ្យដួលបាន ក៏ប៉ុន្តែប្រសិនបើយើងជិះលឿនពេក ប្រសិនបើយើងជិះលឿនពេក នៅពេលដែលម៉ូតូរអិល គឺយើងអត់អាចទប់ជាប់នោះទេ បានន័យថាម៉ូតូរបស់យើងនឹងអាចដួលបាន ព្រោះនៅពេលដែលយើងជិះលឿនគឺល្បឿនម៉ូតូនឹងធ្វើឲ្យម៉ូតូរអិលខ្លាំង ដូច្នេះយើងអត់អាចទប់ជាប់នោះទេ ដោយជាក់ស្ដែងនៅក្នុងរូបភាពទីនេះ បុរសម្នាក់នោះ គាត់អត់អាចទប់ល្បឿនម៉ូតូរបស់គាត់ជាប់ អញ្ចឹងនៅពេលដែលគាត់ជិះកាត់ផ្លូវរអិល ពេលដែលគាត់ជិះកាត់ផ្លូវរអិលធ្វើឲ្យម៉ូតូគាត់ដួល អញ្ចឹងយើងឃើញគាត់ខ្ទាតចេញពីម៉ូតូ ដោយសារតែគាត់ជិះលឿន ដូច្នេះនៅពេលដែលម៉ូតូដួលធ្វើឲ្យគាត់ខ្ទាតចេញពីម៉ូតូ ហើយដួលបោកទៅនឹងថ្នល់ អញ្ចឹងដោយសារតែគាត់ពាក់មួកការពារសុវត្ថិភាព ដូច្នេះក្បាលរបស់គាត់ប្រហែលជាអត់មានបញ្ហានោះទេ ក៏ប៉ុន្តែខ្លួនរបស់គាត់ប្រហែលជាមានបញ្ហា ដោយសារតែយើងឃើញនៅទីនេះ គឺគាត់កំពុងតែខ្ទាតចេញពីម៉ូតូដែលគាត់កំពុងតែជិះ ដោយសារតែគាត់រអិលដួល ដោយសារតែម៉ូតូរបស់គាត់កិនទៅលើផ្លូវរអិល ហើយម៉ូតូរបស់គាត់បានដួល និងដោយសារតែគាត់ជិះក្នុងល្បឿនលឿនផង ដូច្នេះនៅពេលដែលម៉ូតូគាត់ដួល ធ្វើឲ្យគាត់ខ្ទាតចេញពីម៉ូតូយ៉ាងឆ្ងាយ ហើយម៉ូតូរបស់គាត់អូសលើផ្លូវយ៉ាងឆ្ងាយផងដែរ

Motorcycle Taxi (Sakanan) — 10


បន្ទាប់មកទៀតរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ បន្ទាប់ពីទទួលបានការប្រាប់ពីនារីម្នាក់នោះហើយ បុរសដែលជាម្ចាស់ម៉ូតូឌុប គាត់ក៏បានអែបទៅឆ្វេង អញ្ចឹងគាត់ក៏បានជិះម៉ូតូអែបទៅឆ្វេង អែបទៅរកចិញ្ចើមថ្នល់ អញ្ចឹងអម្បាញ់មិញគឺគាត់ជិះនៅកណ្ដាលថ្នល់ ដោយសារតែគាត់ប្រញាប់ ដូច្នេះគាត់ជិះជ្រែចុះ ជ្រែឡើង វ៉ាឡានផង ហើយនៅកណ្ដាលថ្នល់ អញ្ចឹងនៅពេលដែលជិតមកដល់គោលដៅ នារីម្នាក់នោះគាត់ក៏បានចង្អុលប្រាប់ទៅបុរសម្នាក់នោះថា ឲ្យឈប់នៅគោលដៅខាងមុខ ដោយអែបឆ្វេង អញ្ចឹងបុរសម្នាក់នោះ គាត់ក៏បានអែបមកខាងឆ្វេង [រក] មករកចិញ្ចើមថ្នល់ ដើម្បីឈប់ ព្រោះយើងអត់អាចឈប់ម៉ូតូនៅកណ្ដាលថ្នល់បាននោះទេ ព្រោះវាអាចធ្វើឲ្យយើងមានគ្រោះថ្នាក់បាន ព្រោះនៅពេលដែលយើងឈប់នៅកណ្ដាលថ្នល់ វាអាចធ្វើឲ្យឡាន ឬក៏ម៉ូតូផ្សេងទៀត [មក] បើកមកបុកពីក្រោយ ដូច្នេះវាអាចធ្វើឲ្យយើងមានគ្រោះថ្នាក់ អញ្ចឹងនៅពេលដែលយើងចង់ឈប់ យើងត្រូវតែស៊ីញ៉ូឆ្វេង ឬក៏ស៊ីញ៉ូស្ដាំ ហើយអែបមកឆ្វេង ឬក៏អែបទៅស្ដាំតាមដែលយើងចង់ឈប់ ព្រោះថាពេលខ្លះយើងត្រូវ គោលដៅរបស់យើង គឺនៅខាងឆ្វេងដៃ ហើយពេលខ្លះគោលដៅគឺនៅខាងស្ដាំដៃ ដូច្នេះនៅពេលដែលយើងចង់ឈប់ ឬក៏អែបទៅឆ្វេង ឬក៏អែបទៅស្ដាំ យើងត្រូវវាយស៊ីញ៉ូ ឬក៏យើងបើកភ្លើងស៊ីញ៉ូ ដើម្បីឲ្យអ្នកដទៃដឹងថា យើងចង់ឈប់អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺគាត់បានអែបមកឆ្វេង ដោយសារតែនារីម្នាក់នោះ គាត់ឲ្យបុរសដែលជាម្ចាស់ម៉ូតូ អែបមកឆ្វេង ព្រោះថាគោលដៅរបស់គាត់គឺនៅខាងឆ្វេងអញ្ចឹងបុរសម្នាក់នោះ គាត់ក៏បានឈប់ម៉ូតូនៅខាងឆ្វេងដៃ នៅលើចិញ្ចើមថ្នល់ខាងឆ្វេង ហើយគាត់ក៏បានទម្លាក់ជើងម្ខាងរបស់គាត់ដាក់ទៅលើដី ព្រោះថាដោយសារតែម៉ូតូមានកង់ពីរ ដូច្នេះវាអត់អាចទប់លំនឹងជាប់នោះទេ អញ្ចឹងដើម្បីឲ្យម៉ូតូនឹង យើងត្រូវដាក់ជើងម្ខាងរបស់យើង ជាន់ទៅលើដី ឬក៏ដាក់ជើងទាំងសងខាងជាន់ទៅលើដី នៅពេលដែលយើងឈប់ម៉ូតូ ព្រោះប្រសិនបើយើងអត់ដាក់ទេ វាអាចនឹងដួល ដោយសារតែម៉ូតូមានកង់ពីរ អញ្ចឹងវាអត់អាចទប់លំនឹងជាប់នោះទេ

Hospital (Sakanan) — 04


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បុរសម្នាក់នោះ គាត់បានដួលម៉ូតូ បន្ទាប់មកយើងឃើញគាត់ខ្ទាតពីលើម៉ូតូហើយមកដេកទៅនឹងថ្នល់ អញ្ចឹងដោយសារតែគាត់ខ្ទាតចេញពីម៉ូតូ ដូច្នេះខ្លួនរបស់គាត់បានបោកទៅនឹងថ្នល់ អញ្ចឹងធ្វើឲ្យគាត់មានការឈឺចាប់នៅលើខ្លួន នៅលើដៃ នៅលើជើងគាត់យ៉ាងខ្លាំង ក៏ប៉ុន្តែក្បាលរបស់គាត់ ដោយសារតែគាត់ពាក់មួកសុវត្ថិភាពការពារ ដូច្នេះគាត់មិនមានគ្រោះថ្នាក់ក្បាលនោះទេ អញ្ចឹងគាត់គ្រាន់តែឈឺខ្លួន ឈឺគ្រោះថ្នាក់ចំដៃ ចំជើងតែប៉ុណ្ណោះ ក៏ប៉ុន្តែក្បាលរបស់គាត់គឺមានសុវត្ថិភាពដោយសារតែគាត់ពាក់មួកសុវត្ថិភាព អញ្ចឹងប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែគាត់ជិះម៉ូតូលឿន ហើយដោយសារតែម៉ូតូគាត់ដួល គាត់ដួលបោកទៅនឹងថ្នល់ ដូច្នេះគាត់អត់អាចងើបរួចនោះទេ ដោយសារតែគាត់មានអារម្មណ៍ថាឈឺចាប់ខ្លាំង ដោយសារតែគាត់បោកទៅនឹងថ្នល់ ព្រោះពេលខ្លះថ្នល់កៅស៊ូ ឬក៏ថ្នល់បេតុង យើងចាក់ស៊ីម៉ងត៍បេតុង អញ្ចឹងធ្វើឲ្យនៅពេលដែលយើងប៉ះទង្គិចខ្លាំង គឺវាធ្វើឲ្យខ្លួនយើងដួលហើយនិងឈឺ ហើយពេលខ្លះវាអាចយើងគ្រាំគ្រា ឬក៏គ្រាំខ្នងបាន ដូច្នេះយើងឃើញនៅក្នុងរូបភាពនេះ គឺបុរសម្នាក់នោះ បន្ទាប់ពីគាត់ដួលម៉ូតូ គឺគាត់ងើបអត់រួចនោះទេ គឺគាត់បានដេកនៅនឹងថ្នល់ នៅកន្លែងដែលគាត់ដួលម៉ូតូនោះ នៅកន្លែងដែលគាត់ខ្ទាតចេញពីម៉ូតូ អញ្ចឹងយើងឃើញមានអ្នកដំណើរផ្សេងទៀត ដែលគាត់កំពុងតែដើរនៅតាមផ្លូវ គឺគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលយើងឃើញនៅក្បែរបុរសម្នាក់នោះ គឺមាននារីម្នាក់ ដែលគាត់ស្លៀកសំពត់ពណ៌ខៀវ ពាក់អាវដៃខ្លីពណ៌ និងមានពាក់វ៉ែនតាផងដែរ នារីម្នាក់នោះគឺមានសក់ខ្លី ហើយគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលគាត់កំពុងតែរត់មកមើល ឬក៏រត់មកជួយបុរសម្នាក់នោះ ដែលនៅខាងក្រោយនារីម្នាក់នោះគឺមានមនុស្សប្រុសស្រីផ្សេងទៀត ដែលកំពុងតែរត់មកជួយដែរ បានន័យថានៅពេលដែលយើងឃើញមនុស្សគ្រោះថ្នាក់ចរាចរណ៍ ជាទូទៅមនុស្សដែលនៅក្បែរនោះ គាត់តែងតែរត់មកជួយ គាត់រត់មកមើលថាតើគ្រោះថ្នាក់ចរាចរណ៍នោះខ្លាំងដែរទេ ហើយប្រសិនបើខ្លាំងគឺគាត់នឹងតេហៅឡានពេទ្យ ហើយប្រសិនបើមិនខ្លាំងទេ គឺយើងអាចព្យាបាលខ្លួនឯងបាន អញ្ចឹងពួកគាត់ អ្នកដែលនៅក្បែរកន្លែងកើតហេតុ គាត់តែងតែមកមើលជនរងគ្រោះនិងជួយជនរងគ្រោះទៅតាមលទ្ធភាពរបស់គាត់

Hospital (Sakanan) — 12


បន្ទាប់មកទៀតរូបភាពទី ១២ រូបភាពទី ១២ បុរសម្នាក់នោះ គាត់ក៏បានបើកភ្នែកនៅពេលដែលក្រុមគ្រូពេទ្យគាត់បានព្យួរសេរ៉ូមហើយ អញ្ចឹងនៅក្នុងរូបភាពនេះយើងឃើញគាត់កំពុងតែគេងនៅលើគ្រែពេទ្យ ដោយគ្រែនោះគឺយើងអាចបត់បាន អញ្ចឹងយើងឃើញនៅជើង នៅផ្នែកខាងក្រោម គឺយើងឃើញត្រង់ធម្មតា ប៉ុន្តែផ្នែកខាងលើចាប់ពីចង្កេះដល់ក្បាល គឺយើងឃើញខ្ពស់ជាងខាងក្រោមបន្តិច គឺដើម្បីឲ្យគាត់ងាយស្រួលគេង អញ្ចឹងគេធ្វើបែបនេះដើម្បីឲ្យគាត់ងាយស្រួលគេង ហើយយើងឃើញគាត់ឈឺជើងរបស់គាត់យ៉ាងខ្លាំង ដោយសារតែគាត់ដួលបោកទៅនឹងថ្នល់ ហើយជើងរបស់គាត់បានប៉ះទង្គិចខ្លាំង ដូច្នេះគាត់ឈឺជើងយ៉ាងខ្លាំង ហើយនៅក្បែរគ្រែរបស់គាត់គេងយើងឃើញមានទូរទស្សន៍ចំនួនមួយ ដែលទូរទស្សន៍នោះគឺជាឧបករណ៍សម្រាប់វាស់ចង្វាក់បេះដូង អញ្ចឹងពេលខ្លះប្រសិនបើយើងធ្ងន់ធ្ងរ អ្នកជំងឺនោះធ្ងន់ធ្ងរ គឺគេត្រូវវាស់ចង្វាក់បេះដូងជានិច្ច ព្រោះដើម្បីឲ្យប្រាកដថាអ្នកជំងឺនោះ គាត់ ចង្វាក់បេះដូងរបស់គាត់នៅដើរ ដូច្នេះគាត់អាចនៅមានជីវិតរស់នៅ ក៏ប៉ុន្តែពេលខ្លះប្រសិនបើចង្វាក់បេះដូងលែងដើរ ទូរទស្សន៍នោះក៏លែងលោតអំពីចង្វាក់បេះដូង អញ្ចឹងបានន័យថាអ្នកជំងឺអាចបាត់បង់ជីវិត ឬក៏អាចស្លាប់បានដូច្នេះហើយនៅពេលដែលសង្គ្រោះបន្ទាន់ ក្រុមគ្រូពេទ្យតែងតែវាស់ចង្វាក់បេះដូងរបស់អ្នកជំងឺជានិច្ច ដើម្បីឲ្យប្រាកដថាអ្នកជំងឺគឺនៅរស់ ហើយយើងឃើញនៅក្បែរជាប់គ្រែរបស់គាត់គឺជាបង្គោលមួយ បង្គោលនោះគឺសម្រាប់ព្យួរដបសេរ៉ូម បានន័យថាគាត់កំពុងតែព្យួរសេរ៉ូម ដើម្បីបំបាត់ការឈឺចាប់ អញ្ចឹងសេរ៉ូមនេះអាចជាសេរ៉ូមថ្នាំស្ពឹក ឬក៏អាចជាសេរ៉ូមថ្នាំសន្លប់ ដោយសារតែគាត់មានគ្រោះថ្នាក់ចរាចរណ៍ ដូច្នេះពេលខ្លះពេទ្យគាត់អាចធ្វើការវះកាត់ អញ្ចឹងដើម្បីកុំឲ្យមានការឈឺចាប់នៅពេលការវះកាត់ គេអាចប្រើប្រាស់ថ្នាំស្ពឹក គឺថ្នាំម្យ៉ាងដែលធ្វើឲ្យយើងលែងមានអារម្មណ៍ថាឈឺ បានន័យថានៅពេលដែលយើងចាក់ថ្នាំស្ពឹកហើយ គឺកន្លែងដែលយើងចាក់ថ្នាំ គឺលែងមានអារម្មណ៍ថាឈឺ ទោះបីជាគេយកកាំបិត ឬក៏ម្ជុលមកវះ ឬក៏កាំបិតមកវះក៏ដោយ គឺយើងអត់មានអារម្មណ៍ថាឈឺដែរប៉ុន្តែប្រសិនបើធ្ងន់ធ្ងរ ឬក៏គាត់ការវះកាត់នោះធំ គឺគេត្រូវប្រើថ្នាំសន្លប់ អញ្ចឹងនៅពេលដែលយើងត្រូវថ្នាំសន្លប់ គឺយើងសន្លប់អត់ដឹងខ្លួនទេ ដូច្នេះគេអាចធ្វើការវះកាត់បានដោយយើងអត់សូវឈឺ ដោយយើងអត់ដឹងខ្លួនថាឈឺនោះទេ

Doing The Dishes (Sakanan) — 14


បន្ទាប់មកទៀតរូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ យើងឃើញ បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់លាងសម្អាតចានរបស់គាត់រួចរាល់ហើយ អញ្ចឹងគាត់លាងសម្អាតចាននោះរួចរាល់ហើយ គាត់ក៏បានចាក់ទឹកដែលគាត់លាងរួចនោះចេញចូលទៅក្នុងទឹកលូ អញ្ចឹងគាត់អត់ត្រូវចាក់ពាសវាលពាសកាលទៅលើថ្នល់នោះទេ ដោយសារតែប្រសិនបើគាត់យកទឹកកខ្វក់ ដែលគាត់លាងចានរួចរាល់នោះ គាត់ចាក់ពាសវាលពាសកាលទៅលើថ្នល់ អញ្ចឹងអាចធ្វើឲ្យថ្នល់នោះសើម ហើយនៅពេលដែលថ្នល់សើម គឺវាធ្វើឲ្យគគ្រិច ពិបាកក្នុងការធ្វើដំណើរ ហើយពេលខ្លះប្រសិនបើមានឡានម៉ូតូ គាត់ជិះមកកិនលើទឹកដែលខ្ទាតទៅលើថ្នល់នោះ អាចធ្វើឲ្យខ្ទាតទឹកប្រឡាក់ទៅដល់អ្នកដទៃបាន ដោយសារតែពេលខ្លះថ្នល់គឺមានដី អញ្ចឹងប្រសិនបើមានដី ដីប៉ះទឹក នឹងទៅជាភក់ អញ្ចឹងនៅពេលដែលមានម៉ូតូ ឬក៏ឡានជិះកិន វានឹងខ្ទាតប្រឡាក់ទៅអ្នកដំណើរផ្សេងទៀត ហើយម្យ៉ាងវិញទៀតប្រសិនបើយើងចាក់ទឹកសាប៊ូ ឬក៏ចាក់ទឹកលាងចានទៅលើថ្នល់ វាធ្វើឲ្យថ្នល់នោះរអិល អញ្ចឹងប្រសិនបើយើងជិះម៉ូតូកាត់ ឬក៏ជិះកង់កាត់ទឹករអិល គឺអាចធ្វើឲ្យយើងមានគ្រោះថ្នាក់បាន ដោយយើងអាចរអិលដួលកង់ ឬក៏រអិលម៉ូតូដួល ហើយអាចធ្វើឲ្យមានគ្រោះថ្នាក់ មានរបួសផ្សេងឬក៏អាចបាត់បង់ជីវិតផងដែរដូច្នេះដើម្បីរក្សាសុវត្ថិភាពឲ្យអតិថិជន ក៏ដូចជារក្សាសុវត្ថិភាពឲ្យអ្នកធ្វើដំណើរផ្សេងគឺយើងអត់ត្រូវលាងចានហើយជះចូលទៅក្នុងថ្នល់នោះទេអញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពទី ១៤ ក្មេងប្រុសម្នាក់នេះ បន្ទាប់ពីគាត់លាងចានរួចរាល់ហើយ យើងឃើញគាត់លើកចានដែកពណ៌លឿងរបស់គាត់ចាក់ចូលទៅក្នុងលូ អញ្ចឹងគាត់ចាក់ទឹកដែលនៅក្នុងចានដែកទាំងអស់ចូលទៅក្នុងលូមួយ គាត់ចាក់ចូលទៅក្នុងលូ គឺគាត់អត់ចាក់ទៅលើថ្នល់នោះទេ ព្រោះដើម្បីកុំឲ្យថ្នល់គគ្រិច អញ្ចឹងគាត់ចាក់ចូលទៅក្នុងលូ ដូច្នេះលូនឹងមានប្រព័ន្ធលូហូរនាំចូលទៅកន្លែងស្ដុកទឹកគគ្រិច ឬក៏ស្ដុកទឹកកខ្វក់ទុក អញ្ចឹងនៅពេលដែលគាត់ចាក់ចូលក្នុងលូ ទឹកនោះនឹងហូរចូលទៅកន្លែងស្ដុកទឹកកខ្វក់ ដែលយើងឃើញនៅក្បែរក្មេងប្រុសនោះ គឺមានធុងចានមួយ ដែលចាននោះគឺជាចានលាងរួចរាល់ហើយ អញ្ចឹងចានដែលគាត់បានលាងរួចរាល់ហើយ គាត់គរទុកនៅក្នុងធុងនោះ ហើយគាត់យកទឹកមកចាក់ចូលទៅក្នុងលូ