KhmerPronunciationEnglish/Notes#occ
ទោះបីជា tʊəh bəy cie although, even though 30/25

Link to overview page
Link to dictionary

Fruits (Sakanan) — 10 Durian


បន្ទាប់មកទៀតគឺយើងឃើញមានរូបភាពផ្លែទុរេន អញ្ចឹងផ្លែទុរេនគឺជាផ្លែមួយប្រភេទ ដែលមានសំបករឹងនិងមានបន្លារឹង អញ្ចឹងផ្លែទុរេនគឺប្រសិនបើយើងប៉ះមិនប្រយ័ត្ន វាអាចធ្វើឲ្យយើងមុតដៃបាន ហើយផ្លែទុរេនជាទូទៅគឺមានសំបកពណ៌បៃតង ទោះបីជាវាទុំក៏ដោយ ក៏វាមានសំបកពណ៌បៃតងដែរ ហើយដើម្បីញ៉ាំផ្លែទុរេនបាន យើងត្រូវតែពុះសំបកវាចេញ ដោយយើងគ្រាន់តែយកកាំបិតមកឆូតសំបកវា ហើយចាប់ហែកសំបកនោះជាការស្រេច នឹង វានឹង យើងអាចឃើញសាច់របស់វាពណ៌លឿង ដែលសាច់របស់វាគឺមានលក្ខណៈជាក្លែបដូចក្លែបក្រូចដែរ ប៉ុន្តែវាធំជាងផ្លែក្រូច ហើយសាច់របស់វាគឺមានរសជាតិផ្អែម អត់មានរសជាតិជូរទេ អញ្ចឹងយើងឃើញសាច់របស់វា ហើយសាច់របស់វាក្រាស់ ដែលជាទូទៅទុរេនគឺយើងអត់ញ៉ាំសំបកហើយក៏អត់ញ៉ាំគ្រាប់ដែរ គឺយើងញ៉ាំវាតែសាច់តែប៉ុណ្ណោះ ដែលសាច់របស់វាគឺមានពណ៌លឿង

Laundry (Sakanan) — 12


បន្ទាប់មកទៀតនៅក្នុងរូបភាពទី ១២ ចូលមកដល់រូបភាពទី ១២ យើងឃើញថា គាត់បានយកខោអាវដែលគាត់បោករួចនោះ មកហាលនៅលើស្នួទាំងអស់ អញ្ចឹងយើងឃើញស្នួនោះ គឺជាស្នួដែក បាទ ជាស្នួដែក ហើយ[បាន] គាត់បានយកខោអាវរបស់គាត់មកព្យួរពីលើស្នួនោះ ម្ដងមួយរហូតដល់តែអស់ អញ្ចឹងពេលខ្លះគឺនៅទីក្រុង ឬក៏នៅកន្លែងដែលទីប្រជុំជននានា គឺយើងប្រើប្រាស់ស្នួដែកមួយដែលយើងទិញ ដែលស្នួនោះគឺបង្កលក្ខណៈងាយស្រួល ដើម្បីឲ្យយើងហាលខោអាវ ប៉ុន្តែប្រសិនបើយើងមិនមានស្នួដែកទេ នៅក្នុងប្រទេសកម្ពុជាជាទូទៅគឺយើងចងខ្សែ អញ្ចឹងយើងអាចចងខ្សែពីរបងផ្ទះមកដល់សសរផ្ទះ ឬក៏ចងខ្សែពីរបងម្ខាងទៅរបងម្ខាងទៀត បាទ ដើម្បីចងខ្សែហើយដើម្បីហាលខោអាវនៅលើខ្សែនោះ អញ្ចឹងទោះបីជាចងខ្សែ ក៏យើងហៅថាស្នួហាលខោអាវដែរ ដូចគ្នានឹងស្នួហាលខោអាវដែកដែលយើងទិញពីផ្សារផងដែរ អញ្ចឹងជាទូទៅនៅក្នុងប្រទេសកម្ពុជា គឺយើងប្រើប្រាស់ស្នួហាលខោអាវដែលជាខ្សែ ដែលយើងចងទៅលើរបង ច្រើនជាងការហាលខោអាវទៅលើស្នួដែក

Shopping For A T-Shirt (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ បន្ទាប់ពីបុរសម្នាក់នោះគាត់បានបង្ហាញខ្លួន ឬក៏បង្ហាញអាវដែលគាត់នោះទៅដល់មិត្តស្រីរបស់គាត់ហើយ មិត្តស្រីរបស់គាត់ពេញចិត្ត ដូច្នេះគាត់ក៏បានចូលទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ម្ដងទៀត ហើយដោះអាវយឺតលឿងនោះចេញ និងពាក់អាវដែលគាត់ពាក់មកពីផ្ទះចូលវិញអញ្ចឹងទោះបីជាយើងពេញចិត្តក៏ដោយ ពេលខ្លះអាវទិញថ្មីគឺយើងអត់ពាក់ភ្លាមនោះទេ គឺយើងត្រូវតែខ្ចប់ដើម្បីយកទៅផ្ទះ និងដើម្បីពាក់ថ្ងៃក្រោយអញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពទី ១៣ នេះ គឺបុរសម្នាក់នោះ គាត់ក៏បានយកអាវដែលគាត់ទើបតែទិញនោះ មកឲ្យអ្នកលក់វិញ អញ្ចឹងគាត់យកមកឲ្យអ្នកលក់ ហើយប្រាប់ទៅអ្នកលក់ថាគាត់ទិញអាវមួយនេះ អញ្ចឹងគាត់ទិញអាវពណ៌លឿងមួយនេះ ដូច្នេះគាត់ឲ្យយក គាត់ឲ្យអ្នកលក់យកទៅខ្ចប់ឲ្យគាត់ដែលយើងឃើញនៅក្នុងរូបភាពទី ១៣ នេះ គឺបុរសម្នាក់នោះ គឺដៃឆ្វេងរបស់គាត់កាន់អាវ ដៃឆ្វេងរបស់គាត់កាន់អាវ ហើយដៃស្ដាំរបស់គាត់ចង្អុលទៅអាវ ដោយគាត់ចង់បញ្ជាក់ប្រាប់អ្នកលក់ថាគាត់យកអាវមួយនេះអញ្ចឹងអ្នកលក់គាត់ក៏បានយកដៃពីរដើម្បីទទួលអាវនោះ គាត់លើកដៃទាំងពីររបស់គាត់ឡើង ដើម្បីទទួលអាវពីបុរសម្នាក់នោះ ដើម្បីយកទៅខ្ចប់

Cutting One’s Finger (Sakanan) — 09


នៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បុរសម្នាក់នោះ បន្ទាប់ពីគាត់ឃាត់ឈាមហើយ បាទ គាត់ឃាត់ឈាមរួចហើយ គាត់ក៏បានបើកទូ ដែលនៅលើឡាបូលាងដៃនោះ បាទ កូនទូនោះគឺមានដូចជាច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ សាប៊ូលាងដៃ សាប៊ូកក់សក់ សាប៊ូដុសខ្លួនជាដើម ហើយនៅក្នុងនោះយើងឃើញថា គាត់បានទាញយកនូវប្រអប់មួយ បាទ ទាញប្រអប់មួយចេញពីទូនោះ ដោយប្រអប់នោះ គឺជាប្រអប់នៃបង់បិទដំបៅ បាទ គាត់យកប្រអប់នៃបង់បិទដំបៅចេញមក អញ្ចឹងគាត់បានយកបង់បិទដំបៅនោះមកចាក់លើបាតដៃ យើងឃើញថាបង់បិទដំបៅចេញពីប្រអប់នោះមានចំនួនមួយ អញ្ចឹងបានន័យថា[ប្រអប់] បង់បិទដំបៅរបស់គាត់នៅសល់តែមួយនោះទេ បាទ បង់បិទដំបៅគឺយើងយកមក ដើម្បីរុំលើមុខរបួស ដើម្បីកុំឲ្យមានមេរោគចូល ព្រោះថា ទោះបីជាយើងជូតមុខរបួសស្អាតហើយក៏ដោយ ក៏ប៉ុន្តែប្រសិនបើយើងមិនរុំវាឲ្យបានជិតល្អនោះទេ មេរោគនឹងជ្រាបចូលជាក់ជាមិនខាន ព្រោះថាមេរោគនៅក្នុងបរិយាកាស ដូច្នេះប្រសិនបើយើងមិនបានរុំរបួស មេរោគនឹងចូលក្នុងខ្លួនយើងតាមរយៈរបួសនោះមិនខាន អញ្ចឹងក្នុងការរុំរបួស យើងត្រូវតែប្រើប្រាស់នៅរបស់ស្អាត ដូចជាបង់បិទដំបៅ ឬក៏ក្រណាត់ស្អាត ព្រោះថារបស់ទាំងពីរនេះ គឺអាចការពារមេរោគបាន ប៉ុន្តែប្រសិនបើយើងយករបស់មិនស្អាត មកធ្វើការរុំរបួស នោះមេរោគនឹងចូលមកខ្លួនយើងតាមរយៈមុខរបួសនោះ នៅក្នុងរូបភាពនេះ បុរសនោះ គាត់បានយកបង់បិទដំបៅ ដើម្បីយកមករុំរបួសគាត់ អញ្ចឹងយើងឃើញគាត់ចាក់បង់បិទដំបៅចេញពីក្នុងប្រអប់

Getting Up (Sakanan) — 17


ចូលដល់រូបភាពទី ១៧ អញ្ចឹងនៅក្នុងរូបភាពទី ១៧ បន្ទាប់ពីគាត់ដើរបានបន្តិចមក យើងឃើញថា គាត់ក៏បានចូលទៅដល់កន្លែងធ្វើការរបស់គាត់អញ្ចឹងគាត់បានដើរមកដល់មុខកន្លែងធ្វើការរបស់គាត់ហើយ ដោយកន្លែងធ្វើការរបស់គាត់ គឺមានប្រើប្រាស់ទ្វារកញ្ចក់បាទ ប៉ុន្តែទ្វារនោះមិនបើកនោះទេ មិនមែនបានន័យថា មិនទាន់ដល់ម៉ោងធ្វើការនោះទេ ក៏ប៉ុន្តែជាទូទៅទ្វារក្រុមហ៊ុនឬក៏ទ្វារកន្លែងធ្វើការ គឺគេតែងតែបិទជានិច្ច ប៉ុន្តែគេមិនចាក់សោនោះទេ ដោយសារតែគេត្រូវបើកចេញចូលជាប្រចាំ ដូច្នេះគេគ្រាន់តែបិទ ដើម្បីកុំឲ្យមានដីហុយចូល ឬក៏មានខ្យល់ចូលខ្លាំង អញ្ចឹងទ្វារកញ្ចក់ គឺអាចមើលឃើញនៅខាងក្នុង ដូច្នេះ ពេលដែលនារីនោះទៅដល់ គាត់ត្រូវបើកទ្វារកញ្ចក់ ដើម្បីចូលទៅក្នុងការិយាល័យឬក៏កន្លែងធ្វើការរបស់គាត់ជាមួយនឹងបាយ ដែលគាត់យួរមកអម្បាញ់មិញ យើងឃើញថាគាត់នឹងញ៉ាំបាយពេលព្រឹកនោះ នៅក្នុងកន្លែងធ្វើការរបស់គាត់ឬក៏នៅក្នុងការិយាល័យរបស់គាត់តែម្ដង បាទ ព្រោះថាគាត់ត្រូវមកឲ្យដល់កន្លែងធ្វើការឲ្យទាន់ម៉ោង បន្ទាប់មក គាត់ត្រូវស្រស់ស្រូបអាហារពេលព្រឹកមុននឹងគាត់ធ្វើការ ព្រោះប្រសិនបើយើងមិនបានស្រស់ស្រូបអាហារពេលព្រឹកនោះទេ យើងនឹងពុំមានកម្លាំងគ្រប់គ្រាន់ ដើម្បីធ្វើការនោះទេ ព្រោះថាព្រឹកឡើងគឺយើងនឹងហេវ ឬក៏យើងនឹងឃ្លាន ដូច្នេះយើងត្រូវញ៉ាំឲ្យបានឆ្អែតមុននឹងធ្វើការ ដូចនារីម្នាក់នេះ ទោះបីជាគាត់មិនមានពេលច្រើន សម្រាប់ញ៉ាំអាហារពេលព្រឹកនៅកន្លែងលក់អាហារពេលព្រឹកក៏ដោយ ក៏ប៉ុន្តែគាត់ក៏បានខ្ចប់អាហារពេលព្រឹក ដើម្បីមកញ៉ាំនៅកន្លែងធ្វើការផងដែរអញ្ចឹងបានន័យថា ឥឡូវនេះ គាត់មកដល់កន្លែងធ្វើការរបស់គាត់ហើយ ហើយគាត់ក៏កំពុងតែដើរសំដៅចូលទៅក្នុងការិយាល័យរបស់គាត់ផងដែរ ដើម្បីធ្វើការរបស់គាត់ ដូចសព្វមួយដង ឬក៏ជាដូចរាល់ថ្ងៃអញ្ចឹងដែរ បាទ

Pickpocket (Sakanan) — 06


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថានៅក្នុងរថភ្លើងគឺមានមនុស្សច្រើន ដូច្នេះកៅអីរថភ្លើងត្រូវបានគេអង្គុយអស់ហើយ អញ្ចឹងអ្នកដំណើរដែលចូលក្រោយ ដែលអត់មានកៅអីអង្គុយគឺត្រូវឈរ អញ្ចឹងយើងឃើញ រូបភាពនេះ គឺមានមនុស្សជាច្រើន កំពុងតែឈរនៅក្នុងរថភ្លើង ដោយពួកគេឈរជាជួរហើយដៃរបស់គេតោងទៅនឹងរបារមួយ អញ្ចឹងនៅក្នុងរថភ្លើងឬក៏នៅក្នុងឡានក្រុងតែងតែមានរបារដែកមួយសម្រាប់ឲ្យអ្នកដំណើរតោង ព្រោះថានៅពេលដែលពុំមានកៅអីគ្រប់គ្រាន់សម្រាប់ឲ្យអ្នកដំណើរអង្គុយ អ្នកដំណើរទាំងអស់ត្រូវឈរ អញ្ចឹងដើម្បីទប់លំនឹងអ្នកដំណើរឲ្យបាននឹង កុំឲ្យដួល កុំឲ្យមានគ្រោះថ្នាក់ប៉ះទង្គិចផ្សេងនៅក្នុងរថភ្លើង គេតែងតែដាក់របារដែកមួយ ដើម្បីឲ្យអ្នកដំណើរឈរតោងវា ព្រោះថានៅពេលដែលចេញដំណើរ អ្នកដំណើរនឹងអាចនឹងដួល ប្រសិនបើគេមិនតោង ដោយឡែកយើងឃើញបុរសម្នាក់ដែលពាក់អាវពណ៌ផ្កាឈូកនោះ គាត់កំពុងតែឈរតោងទៅនឹងសសរនៅក្នុងរថភ្លើងមួយ ដែលគេដាក់សម្រាប់ឲ្យអ្នកដំណើរឈរ អញ្ចឹងគាត់ទោះបីជាចូលទៅដល់ក្នុងរថភ្លើងហើយក៏ដោយ យើងឃើញថា ដៃរបស់គាត់នៅតែចុចទូរស័ព្ទដដែល ព្រោះគាត់កំពុងតែជក់ចិត្តនឹងលេងជាមួយនឹងមិត្តភក្តិរបស់គាត់នៅក្នុងទូរស័ព្ទ ដូច្នេះហើយគាត់ពុំបានទុកទូរស័ព្ទគាត់នៅក្នុងហោប៉ៅវិញនោះទេ គឺគាត់ឈរកាន់ ដើម្បីចុចទូរស័ព្ទដដែលនៅខោរបស់បុរសនោះ យើងឃើញមានកាបូបលុយមួយ ដែលដាក់នៅហោប៉ៅក្រោយ ដែលកាបូបលុយនោះ គឺពុំបានដាក់ឲ្យស៊ប់ ឬក៏ដាក់ឲ្យចូលជ្រៅទៅក្នុងហោប៉ៅនោះទេ គឺគាត់ដាក់នៅលៀនចេញក្រៅ អញ្ចឹងកាបូបលុយរបស់គាត់ គឺលៀនចេញមកខាងក្រៅ ដែលយើងអាចមើលឃើញកាបូបលុយរបស់គាត់ច្បាស់បាន

Going To The ATM (Sakanan) — 04


នៅក្នុងរូបភាពទីចូលមកដល់រូបភាពទីយើងឃើញថា ការតម្រង់ជួរគ្នានោះ គឺមនុស្សទាំងអស់រង់ចាំតម្រង់ជួរគ្នា នៅខាងមុខទូអេធីអឹម ឬក៏ម៉ាស៊ីនដកប្រាក់អញ្ចឹងដើម្បីធ្វើការដកប្រាក់ យើងពុំចាំបាច់ចូលទៅក្នុងធនាគារទេ ព្រោះថាគ្រប់ធនាគារទាំងអស់ តែងតែមានម៉ាស៊ីនដកប្រាក់ ឬក៏យើងអាចហៅថា អេធីអឹមអញ្ចឹងនៅក្នុងប្រទេសកម្ពុជា គ្រប់ធនាគារ គឺសុទ្ធតែមានម៉ាស៊ីនដកប្រាក់ទាំងអស់ ហើយប្រជាជនកម្ពុជា ភាគច្រើន គាត់ពុំសូវហៅម៉ាស៊ីនដកប្រាក់នោះទេ ព្រោះវាវែង បាទ ឈ្មោះវាវែងពេក អញ្ចឹងគេហៅអក្សរកាត់ដូចគ្នាគឺ អេធីអឹម ឬក៏ម៉ាស៊ីនអេធីអឹមអញ្ចឹងនៅក្នុងរូបភាពនេះ មនុស្សទាំងអស់កំពុងតែឈរតម្រង់ជួរនៅខាងមុខម៉ាស៊ីនអេធីអឹម ព្រោះថានៅពេលដែលមានមនុស្សច្រើន ដើម្បីរក្សាសណ្ដាប់ធ្នាប់ យើងត្រូវឈរតម្រង់ជួរគ្នា អ្នកណាមកមុន គឺឈរខាងមុខ ហើយអ្នកណាមកក្រោយ គឺឈរខាងក្រោយ បាទ នៅក្នុងរូបភាពនេះ យើងឃើញថា បុរសដែលពាក់អាវ ខោជើង[] ខោជើងវែងពណ៌ គាត់ឈរខាងមុខគេ នៅជាប់ម៉ាស៊ីនអេធីអឹមតែម្ដង គឺគាត់កំពុងតែដកប្រាក់ អញ្ចឹង បានន័យថា បុរសនោះ គាត់មកមុនគេ អញ្ចឹងគាត់ត្រូវឈរខាងមុខ បន្ទាប់មកបុរសពាក់អាវលឿង និងកូនស្រី គឺគាត់មកទីគឺគាត់ឈរបន្ទាប់ បុរសពាក់អាវស្វាយ គាត់មកបន្ទាប់ គឺគាត់ឈរខាងក្រោយទីរីឯនារីម្នាក់នោះ គាត់ឈរខាងក្រោយគេ ព្រោះថាគាត់មកខាងក្រោយគេ ទោះបីជាមានអាការៈប្រញាប់ប្រញាល់ក៏ដោយ ក៏នារីម្នាក់នោះមិនប្រជែង ឬក៏ប្រជ្រៀតទៅខាងមុខដែរ ព្រោះថាគាត់មកខាងក្រោយ គឺត្រូវឈរខាងក្រោយ ដូច្នេះវាអាចរក្សាសណ្ដាប់ធ្នាប់ និងបានន័យថា យើងបង្ហាញអំពីសុជីវធម៌ និងសីលធម៌របស់យើងផងដែរ ព្រោះថាជាទូទៅ ការមកមុន គឺត្រូវឈរខាងមុខ ការមកក្រោយ គឺត្រូវឈរខាងក្រោយ វាគឺជាសុជីវធម៌ និងសណ្ដាប់ធ្នាប់មួយល្អផងដែរ

Going To Bed (Sakanan) — 16


បន្ទាប់មកទៀតរូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ នៅពេលដែលគាត់គេង អញ្ចឹងជាទូទៅ នៅពេលដែលយើងគេង គឺយើងគេងលក់ គឺយើងអត់ដឹងខ្លួនទេ ក៏ប៉ុន្តែក្មេងប្រុសម្នាក់នោះ គាត់ប្រហែលជាគិតរឿងផ្សេងច្រើនពេកពីថ្ងៃ ឬក៏គាត់បានមើលអ្វីផ្សេងដូច្នេះវាធ្វើឲ្យគាត់យល់សប្តិឃើញយក្សអញ្ចឹងនៅពេលដែលគាត់កំពុងតែគេងលក់នោះ គឺធ្វើឲ្យគាត់យល់សប្តិឃើញយក្ស ដែលយក្សនោះគឺ យើងឃើញនៅក្នុងនេះ រូបភាពទី ១៦ គឺមានមុខមាត់អាក្រក់ ដែលយក្សនោះគឺមានមុខពណ៌បៃតង ហើយមានចង្កូមពីរវែងលៀនចេញតាមមាត់មក អញ្ចឹងយក្សគឺមានត្រចៀកខុសពីមនុស្សយើង គឺមានមុខមាត់គួរឲ្យខ្លាច ដោយយើងឃើញនៅក្នុងរូបភាពនេះ គឺវាមានមុខពណ៌បៃតង មានត្រចៀកស្រួច ហើយភ្នែករបស់វាគឺធំចង្កូមវែងហើយចង្កូមវាគឺលៀនចេញតាមភ្នែក តាមមាត់អញ្ចឹងយើងឃើញយក្សគឺមានពាក់មួកមួយ ឬក៏ពាក់មកុដ ដែលជាមកុដសម្រាប់យក្សពាក់ អញ្ចឹងយក្សគឺមានមុខមាត់អាក្រក់ អញ្ចឹងប្រហែលជាគាត់គិតរឿងផ្សេងពីថ្ងៃ ដូច្នេះធ្វើឲ្យគាត់យល់សប្តិអាក្រក់ ដោយសារតែយក្សគឺជាមនុស្សអាក្រក់ អញ្ចឹងនៅពេលដែលយល់សប្តិឃើញយក្ស គឺបានន័យថាគាត់កំពុងតែយល់សប្តិអាក្រក់ក៏ប៉ុន្តែដោយសារតែគាត់អស់កម្លាំងខ្លាំង និងគាត់ងងុយគេងខ្លាំងពេក ដូច្នេះគាត់មិនបានភ្ញាក់ដឹងខ្លួន ដោយសារតែការយល់សប្តិឃើញយក្សនោះទេអញ្ចឹងគាត់នៅតែបន្តគេងលង់លក់នៅលើគ្រែ នៅក្នុងបន្ទប់គេងរបស់គាត់ ជាបន្តទៀត ទោះបីជាគាត់យល់សប្តិឃើញយក្សក៏ដោយ ក៏គាត់អត់ភ្ញាក់ដែរអញ្ចឹងបានន័យថាក្មេងប្រុសម្នាក់នេះ គឺគាត់អស់កម្លាំងខ្លាំង ដូច្នេះហើយទើបគាត់យល់សប្តិឃើញយក្សក៏គាត់នៅតែបន្តគេង នៅតែបន្តដំណេករបស់គាត់ ឬក៏គាត់គេងបន្តយ៉ាងលង់លក់ យ៉ាងស្កប់ស្កល់

Cold Season (Sakanan) — 16


ចូលដល់រូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ យើងឃើញថា ម៉ោងល្ងាច ដូច្នេះសិស្សត្រូវចេញពីសាលាហើយអញ្ចឹងយើងឃើញក្មេងប្រុសដដែលនោះ បាទ គាត់បានជិះម៉ូតូត្រលប់មកផ្ទះវិញគឺគាត់ជិះម៉ូតូដោយដៃរបស់គាត់កាន់ចង្កូតម៉ូតូ ភ្នែករបស់គាត់សម្លឹងទៅមុខត្រង់ ហើយម៉ូតូរបស់គាត់គឺមានកញ្ចក់មើលក្រោយមួយផងដែរ ដើម្បីមើលសុវត្ថិភាពនៅខាងក្រោយក្មេងប្រុសម្នាក់នោះ គាត់ជិះម៉ូតូ ដោយពាក់មួកសុវត្ថិភាពពណ៌ បាទ ហើយគាត់ពាក់អាវរងាអញ្ចឹងទោះបីជាពេលល្ងាចក៏ដោយ ក៏គាត់ត្រូវតែពាក់អាវរងា ព្រោះថានៅពេលល្ងាចគឺសីតុណ្ហភាពត្រជាក់ជាងពេលព្រឹកដូច្នេះដើម្បីរក្សាភាពកក់ក្ដៅ គាត់ត្រូវតែពាក់អាវរងារបស់គាត់ជាប់ជានិច្ចនៅពេលដែលគាត់ជិះម៉ូតូ ព្រោះនៅពេលដែលជិះម៉ូតូ គឺមានខ្យល់យ៉ាងច្រើន ឬក៏ខ្យល់ខ្លាំងមកប៉ះនឹងខ្លួនយើងហើយខ្យល់នោះគឺមានភាពត្រជាក់ ដូច្នេះហើយវាអាចធ្វើឲ្យយើងរងាបានអញ្ចឹងគាត់ត្រូវតែពាក់អាវរងានៅពេលដែលគាត់កំពុងតែជិះម៉ូតូដើម្បីរក្សាភាពកក់ក្ដៅបាទ ហើយគាត់ជិះម៉ូតូ ហើយគាត់ស្ពាយកាតាបមួយផងដែរ អញ្ចឹងនៅពេលដែលគាត់ទៅរៀន គាត់យកកាតាបទៅ ពេលដែលគាត់មកផ្ទះវិញ គាត់ត្រូវតែយកកាតាបមកផ្ទះវិញផងដែរបាទ អញ្ចឹងបានន័យថានៅក្នុងរូបភាពនេះ គឺក្មេងប្រុសនោះ គាត់ចេញពីសាលារៀនហើយ អញ្ចឹងគាត់ត្រូវតែមកផ្ទះវិញដោយជិះម៉ូតូរបស់គាត់ ព្រោះថាការជិះម៉ូតូគឺធ្វើឲ្យយើងចំណេញពេលវេលា នៅពេលដែលយើងដើរគឺចំណាយពេលយូរនិងហត់ដូច្នេះគាត់ជិះម៉ូតូ ធ្វើឲ្យគាត់ចំណេញពេលវេលាមកដល់ផ្ទះបានលឿនបាទ បន្ទាប់ពីគាត់ជិះម៉ូតូចេញពីសាលា នៅពេលដែលគាត់មកដល់ផ្ទះ នោះគាត់នឹងទទួលទាននូវអាហារពេលល្ងាច ឬក៏និយាយលេងជាមួយនឹងក្រុមគ្រួសាររបស់គាត់ នៅក្នុងផ្ទះតាមទម្លាប់ជាក់ជាពុំខាន

Coffee And Soft Drink (Sakanan) — 14


បន្ទាប់មកទៀតរូបភាពចុងក្រោយ រូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ យើងឃើញថា បន្ទាប់ពីពួកគាត់ញ៉ាំកាហ្វេរួចរាល់ហើយ អញ្ចឹងបានន័យថាពួកគាត់បញ្ចប់ការញ៉ាំកាហ្វេរបស់ពួកគាត់ ដោយបុរសម្នាក់នោះ គាត់ញ៉ាំកាហ្វេខ្មៅហើយក្ដៅ អញ្ចឹងគាត់ញ៉ាំកាហ្វេខ្មៅ ហើយក្មេងស្រីដែលជាកូនស្រីរបស់គាត់ គឺញ៉ាំទឹកក្រូច អាចជាទឹកក្រូចកូកាកូឡា ឬក៏ទឹកក្រូច Fanta ឬក៏ Sprite ជាដើមហ្នឹងអញ្ចឹងបន្ទាប់ពីគាត់ញ៉ាំហើយ ពួកគាត់ទាំងពីរអ្នកក៏បានចេញពីហាង ក្រោយពីគាត់គិតលុយរួចអញ្ចឹងមុនពេលដែលយើងចេញពីហាង យើងត្រូវហៅអ្នកបម្រើមកគិតលុយជាមុនសិន ដើម្បីទូទាត់ថាតើយើងញ៉ាំអស់ប៉ុន្មានអញ្ចឹងបន្ទាប់ពីគាត់ទូទាត់លុយ និងគិតលុយរួចរាល់ហើយ បុរសម្នាក់នោះ គាត់ក៏បានដឹកដៃកូនស្រីរបស់គាត់ចេញពីហាង និងបន្តដំណើរទៅខាងមុខទៀត ដែលគាត់មិនបានលែងដៃកូនស្រីរបស់គាត់ទេ ទោះបីជាគាត់ចេញពី ចូលទៅក្នុងហាង ហើយនិងចេញពីហាងមកវិញក៏ដោយ គឺគាត់នៅតែដើរកាន់ដៃកូនស្រីរបស់គាត់ដដែល ដោយសារតែ[…]គាត់ខ្លាចកូនស្រីរបស់គាត់ហ្នឹងគឺរត់លេងផ្ដេសផ្ដាស អញ្ចឹងគាត់ខ្លាចកូនស្រីរបស់គាត់រត់លេងផ្ដេសផ្ដាស ទៅលើថ្នល់ ឬក៏រត់លេងទៅបុកទង្គិចនឹងវត្ថុផ្សេងដែលនៅតាមផ្លូវ អាចធ្វើឲ្យកូនស្រីរបស់គាត់ហ្នឹងមានគ្រោះថ្នាក់ ដោយសារតែនាងនៅតូចអញ្ចឹងដោយសារតែនាងនៅតូច ដូច្នេះគាត់ត្រូវដើរដឹកដៃនាងឲ្យបានជាប់ ដើម្បីកុំឲ្យវង្វេងផង និងដើម្បីការពារសុវត្ថិភាពកូនស្រីរបស់គាត់ កុំឲ្យមានគ្រោះថ្នាក់ផងនៅពេលដែលគាត់ធ្វើដំណើរ ព្រោះជាទូទៅការធ្វើដំណើរនៅតាមផ្លូវតែងតែមានម៉ូតូឡានជាច្រើនដែលបើកបរ ដូច្នេះវាងាយនឹងមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ក្មេងតូចដោយសារតែក្មេងតូចគឺតែងតែរពឹស អញ្ចឹងក្មេងតូចគឺរពឹស ដូច្នេះយើងត្រូវតែការពារ និងមើលថែក្មេងតូចឲ្យបានល្អជានិច្ច ដើម្បីកុំឲ្យនាងមានគ្រោះថ្នាក់ និងវង្វេងផ្លូវបាន

Tuk Tuk (Sakanan) — 15


បន្ទាប់មកទៀតរូបភាពចុងក្រោយគឺរូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ បន្ទាប់ពីគាត់បានឡើងលើរ៉ឺម៉កទាំងបីនាក់រួចរាល់ហើយ ម្ចាស់រ៉ឺម៉កក៏បានបញ្ជារ៉ឺម៉កឲ្យទៅមុខ អញ្ចឹងម្ចាស់រ៉ឺម៉កគាត់ក៏បានមូលហ្គែរ ឬក៏គាត់មូលហ្គែរដើម្បីបញ្ជាឲ្យរ៉ឺម៉កគាត់ទៅមុខ ដូច្នេះយើងឃើញនៅក្នុងរូបភាពនេះគឺម្ចាស់រ៉ឺម៉កគាត់ជិះលឿន បាទ អញ្ចឹងម្ចាស់រ៉ឺម៉កកង់បីនោះ គាត់ជិះលឿន ដោយយើងឃើញរ៉ឺម៉ករបស់គាត់ហើបកង់មុខ បានន័យថាគាត់បង្ហោះកង់មុខ បានន័យថាលឿន អញ្ចឹងគាត់ជិះលឿន ព្រោះថានៅពេលយប់គឺជាផ្លូវស្ងាត់ អញ្ចឹងពុំសូវមានមនុស្សធ្វើចរាចរណ៍នៅតាមផ្លូវនោះទេ ដូច្នេះហើយគាត់អាចជិះលឿនបាន ក៏ប៉ុន្តែនៅពេលដែលយើងជិះម៉ូតូ ឬក៏ជិះឡាន ឬក៏ជិះរ៉ឺម៉ក យើងមិនត្រូវជិះលឿនពេកនោះទេ ព្រោះវាអាចធ្វើឲ្យយើងមានគ្រោះថ្នាក់បាន យើងហៅថាគ្រោះថ្នាក់ចរាចរណ៍ គឺប្រសិនបើមាននរណាម្នាក់រត់ឆ្លងកាត់ផ្លូវ ឬក៏មានឡានម៉ូតូផ្សេងទៀតដែលឆ្លងកាត់ផ្លូវ វាអាចធ្វើឲ្យយើងប៉ះគ្នាឬក៏បុកគ្នា ដែលធ្វើឲ្យយើងមានគ្រោះថ្នាក់បាន អញ្ចឹង ទោះបីជាពេលយប់ ឬក៏ទោះបីជាផ្លូវស្ងាត់យ៉ាងណាក៏ដោយ យើងត្រូវបើកបរដោយគោរពច្បាប់ចរាចរណ៍ ដើម្បីរក្សាសុវត្ថិភាពរបស់យើង យើងមិនត្រូវជិះលឿនពេកនោះទេ ព្រោះវាធ្វើឲ្យយើងមានគ្រោះថ្នាក់ យើងឃើញថារ៉ឺម៉កកង់បីដែលមានបុរស[ទាំង] បុរសនិងមិត្តភក្តិរបស់គាត់ទាំងបីនាក់ជិះនោះ បានបន្តដំណើរទៅខាងមុខ គឺសំដៅទៅផ្ទះរបស់ពួកគាត់ ដោយយើងឃើញមានរ៉ឺម៉កទីមួយ ម្ចាស់រ៉ឺម៉កទីមួយ គាត់កំពុងតែអង្គុយជក់បារីនៅលើរ៉ឺម៉កគាត់ដដែល ក៏ប៉ុន្តែពួកគាត់ បុរសម្នាក់នោះ គាត់ធ្វើមុខស្អុយ ដោយអតិថិជនរបស់គាត់មិនជិះរ៉ឺម៉ករបស់គាត់ ប៉ុន្តែបែរជាជិះរ៉ឺម៉ករបស់អ្នកដទៃ ដោយសារតែគាត់យកតម្លៃថ្លៃពេក ហើយរ៉ឺម៉ករបស់អ្នកដទៃគឺយកតម្លៃថោក ដូច្នេះអតិថិជនរបស់គាត់ក៏បានជិះទៅ ទៅ ទៅជិះរ៉ឺម៉កដែលមានតម្លៃថោកវិញ

Noodle Soup (Sakanan) — 05


បន្ទាប់មកទៀតនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីពួកគេដើរមកដល់កន្លែងលក់មីហើយ ឬក៏កន្លែងលក់គុយទាវហើយ ពួកគេក៏បានដើររកតុមួយដើម្បីអង្គុយអញ្ចឹងជាទូទៅកន្លែងលក់មី ទោះជាបើជាគេលក់ដោយសាររទេះក៏ដោយ ក៏ប៉ុន្តែគេតែងតែមានកន្លែងអង្គុយត្រឹមត្រូវឲ្យអតិថិជនរបស់គេ ព្រោះថាប្រសិនបើអត់មានតុ ឬក៏អត់មានកៅអីអង្គុយនោះទេ អតិថិជនរបស់គេនឹងពិបាកញ៉ាំខ្លាំងណាស់ដោយគេមិនអាចឈរញ៉ាំបាននោះទេអញ្ចឹងពេលខ្លះអ្នកទិញគឺពេលខ្លះគាត់ទិញខ្ចប់ ដោយការខ្ចប់ការខ្ចប់បានន័យថាឲ្យអ្នកលក់គាត់ធ្វើមីទឹកស៊ុប ឬក៏គុយទាវទឹកស៊ុបឲ្យគាត់ហើយ គាត់យកទៅផ្ទះដើម្បីញ៉ាំ ដោយគាត់ច្រកចូលទៅក្នុងថង់មួយ ឬក៏ចូលទៅក្នុងចានជ័រមួយ ដើម្បីឲ្យគាត់យួរទៅផ្ទះដើម្បីញ៉ាំ ប៉ុន្តែអ្នកខ្លះទៀតគាត់អត់ចង់យួរទេ ដោយសារផ្ទះគាត់នៅឆ្ងាយ អញ្ចឹងគាត់ចង់អង្គុយញ៉ាំនៅនឹងកន្លែង បានន័យថាអង្គុយញ៉ាំនៅកន្លែងក្បែរគុយទាវទឹកស៊ុបនោះ ដូច្នេះអ្នកលក់ត្រូវតែមានតុ និងមានកៅអី សម្រាប់អ្នកទិញ ដើម្បីអង្គុយញ៉ាំដែលជាក់ស្ដែងនៅក្នុងរូបភាពទីនេះ យើងឃើញថា អ្នកលក់គុយទាវទឹកស៊ុបនោះ ទោះបីជាគាត់លក់តាមរទេះក៏ដោយ អញ្ចឹងទោះបីជាគាត់លក់តាមរទេះ ក៏គាត់មានកៅអី និងមានតុសម្រាប់អតិថិជនរបស់គាត់អង្គុយផងដែរដែលយើងឃើញនៅក្នុងរូបភាពនេះ គឺក្មេងប្រុសទាំងពីរ គាត់បានដើរមករកតុមួយ អញ្ចឹងតុនោះគឺមានកៅអីចំនួនពីរផងដែរ ហើយមានគ្រឿងទេសជាច្រើនដែលនៅលើតុអញ្ចឹងតុដែលគាត់ដើរមករកហ្នឹង គឺអត់ខ្ពស់ទេ គឺជាកូនតុតូចមួយហើយនិងទាប អញ្ចឹងបានន័យថាល្មមសម្រាប់ការអង្គុយរបស់អតិថិជន ក្នុងការញ៉ាំ គឺងាយស្រួលញ៉ាំ គាត់អត់ប្រើតុខ្ពស់ទេ គាត់ប្រើតុទាប ជាមួយនឹងកៅអីចំនួនពីរ ដែលត្រូវនឹងសម្រាប់ពួកគេពីរនាក់ដែលមកញ៉ាំគុយទាវនោះតែម្ដង

Fried Rice (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ រូបភាពទី ១៣ យើងឃើញថា បន្ទាប់ពីគាត់ទទួលបានបាយឆាហើយ នារីម្នាក់នោះ គាត់ក៏បានយកសមនិងស្លាបព្រាមកញ៉ាំបាយ បានន័យថានៅពេលដែលយើងញ៉ាំបាយ គឺយើងប្រើប្រាស់សមនិងស្លាបព្រាវែង ដោយនៅពេលដែលយើងញ៉ាំ បាយឆានោះ ពេលខ្លះគឺអាចនឹងអត់ត្រូវនឹងរសជាតិរបស់យើងដែលពេញចិត្តនោះទេ ដូច្នេះនៅពេលដែលយើងអត់ពេញចិត្តនឹងរសជាតិ យើងអាចថែមគ្រឿងបាន ដោយយើងឃើញនៅក្នុងរូបភាពទី ១៣ នេះ គឺយើងឃើញនារីម្នាក់នោះ គាត់កំពុងតែកាន់សមនិងស្លាបព្រាដើម្បីដួសបាយញ៉ាំ ហើយយើងឃើញនៅលើតុ គឺមានគ្រឿងទេសជាច្រើន ដែលគ្រឿងទេសនេះ គឺជាគ្រឿងសម្រាប់ផ្សំជាមួយនឹងបាយ នៅពេលណាដែលយើងអត់ចូលចិត្តរសជាតិ បានន័យថាពេលខ្លះអ្នកលក់គាត់ឆាមកសាប អញ្ចឹងយើងអត់ចូលចិត្តរសជាតិសាប យើងអាចថែមអំបិល ឬក៏ថែមទឹកត្រី ឬក៏ថែមស្ករសថែមទៀត ដើម្បីឲ្យសមទៅតាមរសជាតិដែលយើងចូលចិត្ត អញ្ចឹងនៅពេលដែលយើងផ្សំគ្រឿង ដើម្បីទៅដល់រសជាតិដែលយើងចូលចិត្តហើយ យើងអាចញ៉ាំបាយឆានោះបាន ដោយយើងឃើញនារីម្នាក់នោះ គាត់កំពុងតែកាន់សម ដៃឆ្វេងរបស់គាត់កាន់សម ហើយដៃស្ដាំរបស់គាត់កាន់ស្លាបព្រា អញ្ចឹងគាត់កំពុងតែដួសបាយឆាញ៉ាំ ដោយគាត់ញ៉ាំបាយឆានោះយ៉ាងឆ្ងាញ់ ទោះបីជាបាយឆានោះ ជាហាងលក់បាយឆា ដែលនៅតាមចិញ្ចើមផ្លូវក៏ដោយ ក៏ប៉ុន្តែអ្នកលក់គាត់ធ្វើឆ្ងាញ់ ដូច្នេះអតិថិជនរបស់គាត់ចូលចិត្តមកញ៉ាំនៅទីនេះ ព្រោះវាមានរសជាតិឆ្ងាញ់ ហើយមានតម្លៃថោក អញ្ចឹងជាទូទៅប្រជាជនកម្ពុជាគឺចូលចិត្តញ៉ាំបាយឆាឬក៏មីឆា ដែលនៅតាមចិញ្ចើមផ្លូវ ព្រោះមីឆានិងបាយឆាដែលនៅតាមចិញ្ចើមផ្លូវ គឺពេលខ្លះគឺឆ្ងាញ់ ហើយរសជាតិឆ្ងាញ់និងថោកជាងបាយឆាមីឆាដែលនៅតាមហាងធំនានា ក៏ប៉ុន្តែរសជាតិឆ្ងាញ់ដូចគ្នា ក៏ប៉ុន្តែគឺតម្លៃខុសគ្នា ដោយតម្លៃនៅហាងធំគឺថ្លៃ ក៏ប៉ុន្តែតម្លៃនៅហាងដែលនៅតាមចិញ្ចើមផ្លូវ គឺថោកជាងតម្លៃដែលនៅតាមហាង ដូច្នេះយើងចូលចិត្តញ៉ាំបាយឆាឬក៏មីឆានៅតាមចិញ្ចើមផ្លូវ

Hospital (Sakanan) — 03


បន្ទាប់មករូបភាពទីរូបភាពទីយើងឃើញថា បុរសម្នាក់នោះ គាត់ ទោះបីជាគាត់ព្យាយាមទប់ចង្កូតរបស់គាត់កុំឲ្យរអិលយ៉ាងណាក៏ដោយ ក៏ប៉ុន្តែដោយសារតែគាត់ជិះលឿនពេក ដោយសារតែគាត់បើកបរក្នុងល្បឿនលឿនពេក ដូច្នេះនៅពេលដែលគាត់កិនផ្លូវរអិល ជិះកាត់ផ្លូវរអិល ឬក៏ជិះកាត់ទឹក អញ្ចឹងវាធ្វើឲ្យគាត់ទប់ចង្កូតអត់ជាប់ ដូច្នេះនៅក្នុងរូបភាពទីយើងឃើញថា ម៉ូតូរបស់គាត់ក៏បានដួល អញ្ចឹងប្រសិនបើយើងជិះយឺតឬក៏ជិះល្មមគឺនៅពេលដែលយើងជិះកាត់ផ្លូវរអិល ឬក៏ជិះកាត់ក្រឡុក ឬក៏ជិះកាត់ទឹកដក់ គឺយើងអាចទប់ចង្កូតបាន បានន័យថាយើងអាចទប់លំនឹងម៉ូតូរបស់យើងមិនឲ្យរេ ឬក៏មិនឲ្យរអិលដួលបាន ឬក៏យើងអាចដាក់ជើងទប់ជាប់បាន បានន័យថាយើងគ្រាន់តែដាក់ជើងដាក់ចុះមកដី គឺវាអាចទប់លំនឹងម៉ូតូរបស់យើងកុំឲ្យដួលបាន ក៏ប៉ុន្តែប្រសិនបើយើងជិះលឿនពេក ប្រសិនបើយើងជិះលឿនពេក នៅពេលដែលម៉ូតូរអិល គឺយើងអត់អាចទប់ជាប់នោះទេ បានន័យថាម៉ូតូរបស់យើងនឹងអាចដួលបាន ព្រោះនៅពេលដែលយើងជិះលឿនគឺល្បឿនម៉ូតូនឹងធ្វើឲ្យម៉ូតូរអិលខ្លាំង ដូច្នេះយើងអត់អាចទប់ជាប់នោះទេ ដោយជាក់ស្ដែងនៅក្នុងរូបភាពទីនេះ បុរសម្នាក់នោះ គាត់អត់អាចទប់ល្បឿនម៉ូតូរបស់គាត់ជាប់ អញ្ចឹងនៅពេលដែលគាត់ជិះកាត់ផ្លូវរអិល ពេលដែលគាត់ជិះកាត់ផ្លូវរអិលធ្វើឲ្យម៉ូតូគាត់ដួល អញ្ចឹងយើងឃើញគាត់ខ្ទាតចេញពីម៉ូតូ ដោយសារតែគាត់ជិះលឿន ដូច្នេះនៅពេលដែលម៉ូតូដួលធ្វើឲ្យគាត់ខ្ទាតចេញពីម៉ូតូ ហើយដួលបោកទៅនឹងថ្នល់ អញ្ចឹងដោយសារតែគាត់ពាក់មួកការពារសុវត្ថិភាព ដូច្នេះក្បាលរបស់គាត់ប្រហែលជាអត់មានបញ្ហានោះទេ ក៏ប៉ុន្តែខ្លួនរបស់គាត់ប្រហែលជាមានបញ្ហា ដោយសារតែយើងឃើញនៅទីនេះ គឺគាត់កំពុងតែខ្ទាតចេញពីម៉ូតូដែលគាត់កំពុងតែជិះ ដោយសារតែគាត់រអិលដួល ដោយសារតែម៉ូតូរបស់គាត់កិនទៅលើផ្លូវរអិល ហើយម៉ូតូរបស់គាត់បានដួល និងដោយសារតែគាត់ជិះក្នុងល្បឿនលឿនផង ដូច្នេះនៅពេលដែលម៉ូតូគាត់ដួល ធ្វើឲ្យគាត់ខ្ទាតចេញពីម៉ូតូយ៉ាងឆ្ងាយ ហើយម៉ូតូរបស់គាត់អូសលើផ្លូវយ៉ាងឆ្ងាយផងដែរ

Fruits (Sakanan) — 09 Orange (etc.)


ចំណែកឯបន្ទាប់មកទៀតរូបភាពទីដដែល ប៉ុន្តែយើងឃើញនៅក្បែរផ្លែស្វាយគឺមានផ្លែក្រូច អញ្ចឹងផ្លែក្រូចគឺមានរសជាតិជូរអែមបានន័យថាជូរផងផ្អែមផង ដែលផ្លែក្រូចគឺមានច្រើនប្រភេទ មានដូចជាក្រូចពោធិ៍សាត់ ក្រូចឃ្វិច ក្រូចឆ្មារ ក្រូចថ្លុង ក្រូចសើចជាដើមដែលក្រូចជាទូទៅគឺមានរូបរាងខុសៗគ្នា ដោយក្រូចឃ្វិច ឬក៏ក្រូចពោធិ៍សាត់គឺមានរាងមូល ហើយក្រូចថ្លុងគឺមានរាងមូលធំ ចំណែកឯក្រូចឆ្មារគឺមានរាងតូចជាងគេ ដែលមានរសជាតិជូរខ្លាំងជាងគេ ប៉ុន្តែជាទូទៅក្រូចពោធិ៍សាត់ ឬក៏ក្រូចឃ្វិច គឺយើងមានរសជាតិជូរអែមឆ្ងាញ់ ដែលយើងតែងតែយកមកធ្វើជាផ្លែឈើដើម្បីញ៉ាំ ក្រោយពេលញ៉ាំអាហាររួច អញ្ចឹងក្រូច នៅពេលដែលខ្ចី គឺវាមានពណ៌បៃតង ចំណែកឯពេលទុំ ក្រូចពោធិ៍សាត់គឺមានពណ៌បៃតងដដែល ប៉ុន្តែសាច់ខាងក្នុងរបស់វាគឺមានពណ៌លឿង ប៉ុន្តែក្រូចឃ្វិចគឺមានពណ៌ សំបករបស់វានៅពេលទុំគឺមានពណ៌លឿង ហើយសាច់របស់វាគឺអត់ដូចផ្លែឈើផ្សេងទេ គឺសាច់របស់វាគឺបែងចែកចេញជាក្លែបបានន័យថានៅពេលដែលយើងបកសំបក គឺយើងឃើញសាច់របស់វាមានដុំៗៗៗតែម្ដង ដែលបែងចែកជាក្លែបរួចរាល់ស្រេចនៅក្នុងផ្លែ ដោយយើងគ្រាន់តែបេះក្លែបនោះយកមកញ៉ាំជាការស្រេច ប៉ុន្តែក្រូចក៏មានគ្រាប់របស់វាផងដែរ អញ្ចឹងយើងអត់ញ៉ាំគ្រាប់ក្រូចនោះទេ ដោយយើងត្រូវខ្ជាក់គ្រាប់ក្រូចចេញ ព្រោះថាគ្រាប់ក្រូចគឺរឹង ទោះបីជាវាតូចក៏ប៉ុន្តែគ្រាប់ក្រូចគឺរឹង ដូច្នេះយើងអត់ញ៉ាំទេ គឺយើងត្រូវខ្ជាក់ចេញ ហើយពេលខ្លះគឺយើងអត់ញ៉ាំសាច់ក្រូចទេ គឺយើងញ៉ាំតែទឹកក្រូចតែប៉ុណ្ណោះ ដោយយើងយកក្រូចនោះមកច្របាច់ឲ្យចេញទឹក ព្រោះថាផ្លែក្រូចគឺមានទឹកច្រើន នៅពេលដែលយើងខាំផ្លែក្រូច គឺឃើញប្រៀបដូចជាញ៉ាំទឹកក្រូចអញ្ចឹង អញ្ចឹងនៅពេលដែលវាបែកសាច់ គឺវាចេញទឹក ដូច្នេះពេលខ្លះគេគ្រាន់តែច្របាច់ទឹក គេគ្រាន់តែច្របាច់ក្រូច គឺយើងអាចញ៉ាំទឹកក្រូចបានតែម្ដង ហើយសំបកក្រូចគឺយើងអត់ញ៉ាំទេ ដោយសារតែវាមានរសជាតិហាងបានន័យថានៅពេលដែលយើងញ៉ាំសាច់ក្រូចគឺផ្អែម ក៏ប៉ុន្តែសំបកក្រូចគឺយើងញ៉ាំអត់កើតទេ អញ្ចឹងគឺយើងញ៉ាំតែសាច់ក្រូចតែប៉ុណ្ណោះ

Hospital (Sakanan) — 04


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បុរសម្នាក់នោះ គាត់បានដួលម៉ូតូ បន្ទាប់មកយើងឃើញគាត់ខ្ទាតពីលើម៉ូតូហើយមកដេកទៅនឹងថ្នល់ អញ្ចឹងដោយសារតែគាត់ខ្ទាតចេញពីម៉ូតូ ដូច្នេះខ្លួនរបស់គាត់បានបោកទៅនឹងថ្នល់ អញ្ចឹងធ្វើឲ្យគាត់មានការឈឺចាប់នៅលើខ្លួន នៅលើដៃ នៅលើជើងគាត់យ៉ាងខ្លាំង ក៏ប៉ុន្តែក្បាលរបស់គាត់ ដោយសារតែគាត់ពាក់មួកសុវត្ថិភាពការពារ ដូច្នេះគាត់មិនមានគ្រោះថ្នាក់ក្បាលនោះទេ អញ្ចឹងគាត់គ្រាន់តែឈឺខ្លួន ឈឺគ្រោះថ្នាក់ចំដៃ ចំជើងតែប៉ុណ្ណោះ ក៏ប៉ុន្តែក្បាលរបស់គាត់គឺមានសុវត្ថិភាពដោយសារតែគាត់ពាក់មួកសុវត្ថិភាព អញ្ចឹងប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែគាត់ជិះម៉ូតូលឿន ហើយដោយសារតែម៉ូតូគាត់ដួល គាត់ដួលបោកទៅនឹងថ្នល់ ដូច្នេះគាត់អត់អាចងើបរួចនោះទេ ដោយសារតែគាត់មានអារម្មណ៍ថាឈឺចាប់ខ្លាំង ដោយសារតែគាត់បោកទៅនឹងថ្នល់ ព្រោះពេលខ្លះថ្នល់កៅស៊ូ ឬក៏ថ្នល់បេតុង យើងចាក់ស៊ីម៉ងត៍បេតុង អញ្ចឹងធ្វើឲ្យនៅពេលដែលយើងប៉ះទង្គិចខ្លាំង គឺវាធ្វើឲ្យខ្លួនយើងដួលហើយនិងឈឺ ហើយពេលខ្លះវាអាចយើងគ្រាំគ្រា ឬក៏គ្រាំខ្នងបាន ដូច្នេះយើងឃើញនៅក្នុងរូបភាពនេះ គឺបុរសម្នាក់នោះ បន្ទាប់ពីគាត់ដួលម៉ូតូ គឺគាត់ងើបអត់រួចនោះទេ គឺគាត់បានដេកនៅនឹងថ្នល់ នៅកន្លែងដែលគាត់ដួលម៉ូតូនោះ នៅកន្លែងដែលគាត់ខ្ទាតចេញពីម៉ូតូ អញ្ចឹងយើងឃើញមានអ្នកដំណើរផ្សេងទៀត ដែលគាត់កំពុងតែដើរនៅតាមផ្លូវ គឺគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលយើងឃើញនៅក្បែរបុរសម្នាក់នោះ គឺមាននារីម្នាក់ ដែលគាត់ស្លៀកសំពត់ពណ៌ខៀវ ពាក់អាវដៃខ្លីពណ៌ និងមានពាក់វ៉ែនតាផងដែរ នារីម្នាក់នោះគឺមានសក់ខ្លី ហើយគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលគាត់កំពុងតែរត់មកមើល ឬក៏រត់មកជួយបុរសម្នាក់នោះ ដែលនៅខាងក្រោយនារីម្នាក់នោះគឺមានមនុស្សប្រុសស្រីផ្សេងទៀត ដែលកំពុងតែរត់មកជួយដែរ បានន័យថានៅពេលដែលយើងឃើញមនុស្សគ្រោះថ្នាក់ចរាចរណ៍ ជាទូទៅមនុស្សដែលនៅក្បែរនោះ គាត់តែងតែរត់មកជួយ គាត់រត់មកមើលថាតើគ្រោះថ្នាក់ចរាចរណ៍នោះខ្លាំងដែរទេ ហើយប្រសិនបើខ្លាំងគឺគាត់នឹងតេហៅឡានពេទ្យ ហើយប្រសិនបើមិនខ្លាំងទេ គឺយើងអាចព្យាបាលខ្លួនឯងបាន អញ្ចឹងពួកគាត់ អ្នកដែលនៅក្បែរកន្លែងកើតហេតុ គាត់តែងតែមកមើលជនរងគ្រោះនិងជួយជនរងគ្រោះទៅតាមលទ្ធភាពរបស់គាត់

Hospital (Sakanan) — 12


បន្ទាប់មកទៀតរូបភាពទី ១២ រូបភាពទី ១២ បុរសម្នាក់នោះ គាត់ក៏បានបើកភ្នែកនៅពេលដែលក្រុមគ្រូពេទ្យគាត់បានព្យួរសេរ៉ូមហើយ អញ្ចឹងនៅក្នុងរូបភាពនេះយើងឃើញគាត់កំពុងតែគេងនៅលើគ្រែពេទ្យ ដោយគ្រែនោះគឺយើងអាចបត់បាន អញ្ចឹងយើងឃើញនៅជើង នៅផ្នែកខាងក្រោម គឺយើងឃើញត្រង់ធម្មតា ប៉ុន្តែផ្នែកខាងលើចាប់ពីចង្កេះដល់ក្បាល គឺយើងឃើញខ្ពស់ជាងខាងក្រោមបន្តិច គឺដើម្បីឲ្យគាត់ងាយស្រួលគេង អញ្ចឹងគេធ្វើបែបនេះដើម្បីឲ្យគាត់ងាយស្រួលគេង ហើយយើងឃើញគាត់ឈឺជើងរបស់គាត់យ៉ាងខ្លាំង ដោយសារតែគាត់ដួលបោកទៅនឹងថ្នល់ ហើយជើងរបស់គាត់បានប៉ះទង្គិចខ្លាំង ដូច្នេះគាត់ឈឺជើងយ៉ាងខ្លាំង ហើយនៅក្បែរគ្រែរបស់គាត់គេងយើងឃើញមានទូរទស្សន៍ចំនួនមួយ ដែលទូរទស្សន៍នោះគឺជាឧបករណ៍សម្រាប់វាស់ចង្វាក់បេះដូង អញ្ចឹងពេលខ្លះប្រសិនបើយើងធ្ងន់ធ្ងរ អ្នកជំងឺនោះធ្ងន់ធ្ងរ គឺគេត្រូវវាស់ចង្វាក់បេះដូងជានិច្ច ព្រោះដើម្បីឲ្យប្រាកដថាអ្នកជំងឺនោះ គាត់ ចង្វាក់បេះដូងរបស់គាត់នៅដើរ ដូច្នេះគាត់អាចនៅមានជីវិតរស់នៅ ក៏ប៉ុន្តែពេលខ្លះប្រសិនបើចង្វាក់បេះដូងលែងដើរ ទូរទស្សន៍នោះក៏លែងលោតអំពីចង្វាក់បេះដូង អញ្ចឹងបានន័យថាអ្នកជំងឺអាចបាត់បង់ជីវិត ឬក៏អាចស្លាប់បានដូច្នេះហើយនៅពេលដែលសង្គ្រោះបន្ទាន់ ក្រុមគ្រូពេទ្យតែងតែវាស់ចង្វាក់បេះដូងរបស់អ្នកជំងឺជានិច្ច ដើម្បីឲ្យប្រាកដថាអ្នកជំងឺគឺនៅរស់ ហើយយើងឃើញនៅក្បែរជាប់គ្រែរបស់គាត់គឺជាបង្គោលមួយ បង្គោលនោះគឺសម្រាប់ព្យួរដបសេរ៉ូម បានន័យថាគាត់កំពុងតែព្យួរសេរ៉ូម ដើម្បីបំបាត់ការឈឺចាប់ អញ្ចឹងសេរ៉ូមនេះអាចជាសេរ៉ូមថ្នាំស្ពឹក ឬក៏អាចជាសេរ៉ូមថ្នាំសន្លប់ ដោយសារតែគាត់មានគ្រោះថ្នាក់ចរាចរណ៍ ដូច្នេះពេលខ្លះពេទ្យគាត់អាចធ្វើការវះកាត់ អញ្ចឹងដើម្បីកុំឲ្យមានការឈឺចាប់នៅពេលការវះកាត់ គេអាចប្រើប្រាស់ថ្នាំស្ពឹក គឺថ្នាំម្យ៉ាងដែលធ្វើឲ្យយើងលែងមានអារម្មណ៍ថាឈឺ បានន័យថានៅពេលដែលយើងចាក់ថ្នាំស្ពឹកហើយ គឺកន្លែងដែលយើងចាក់ថ្នាំ គឺលែងមានអារម្មណ៍ថាឈឺ ទោះបីជាគេយកកាំបិត ឬក៏ម្ជុលមកវះ ឬក៏កាំបិតមកវះក៏ដោយ គឺយើងអត់មានអារម្មណ៍ថាឈឺដែរប៉ុន្តែប្រសិនបើធ្ងន់ធ្ងរ ឬក៏គាត់ការវះកាត់នោះធំ គឺគេត្រូវប្រើថ្នាំសន្លប់ អញ្ចឹងនៅពេលដែលយើងត្រូវថ្នាំសន្លប់ គឺយើងសន្លប់អត់ដឹងខ្លួនទេ ដូច្នេះគេអាចធ្វើការវះកាត់បានដោយយើងអត់សូវឈឺ ដោយយើងអត់ដឹងខ្លួនថាឈឺនោះទេ

Tuk Tuk (Sakanan) — 07


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្តិចក្រោយមក ពួកគេបានដើរមកដល់កន្លែងរ៉ឺម៉កមួយ ដែលជាទូទៅ ជនបរទេស គេហៅថាទុកទុក ប៉ុន្តែក្នុងភាសាខ្មែរយើងហៅថារ៉ឺម៉ក អញ្ចឹងរ៉ឺម៉កគឺមានច្រើន មានរ៉ឺម៉កកង់បួន និងរ៉ឺម៉កកង់បីផងដែរ ដូច្នេះនៅក្នុងរូបភាពនេះ យើងឃើញថា ពួកគេបានសម្លឹងទៅមើលរ៉ឺម៉កកង់បីចំនួនមួយ ដែលរ៉ឺម៉កនោះគឺមានពណ៌ផ្កាឈូក បាទ រ៉ឺម៉កគឺមានពណ៌ផ្កាឈូក ហើយមានដំបូល អញ្ចឹងរ៉ឺម៉កគឺមានដំបូលផងដែរ គឺស្រដៀងទៅនឹងឡាន ក៏ប៉ុន្តែវាអត់មានកញ្ចក់ និងអត់មានម៉ាស៊ីនត្រជាក់នោះទេ ប្រសិនបើឡាន ឬក៏តាក់ស៊ីគឺមានកញ្ចក់សម្រាប់បិទ និងមានម៉ាស៊ីនត្រជាក់ ប៉ុន្តែសម្រាប់រ៉ឺម៉កគឺអត់មានម៉ាស៊ីនត្រជាក់នោះទេ គឺវាគ្រាន់តែមានដំបូល ដើម្បីបាំងកុំឲ្យយើងក្ដៅនៅពេលដែលជិះហាលថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែពេលនេះគឺជាពេលយប់ យើងឃើញថារាល់ក្លឹបរាត្រី ឬក៏ហាងស្រាបៀរជាច្រើន គឺគេតែងតែបើកនៅពេលយប់ អញ្ចឹងហើយបន្ទាប់ពីគាត់បញ្ចប់ការផឹកស៊ី បានន័យថាជាពេលយប់ អញ្ចឹងគាត់ដើរមកដល់ឃើញរ៉ឺម៉កមួយ គាត់ ពួកគាត់មានបំណងចង់ជិះរ៉ឺម៉កនោះទៅផ្ទះ ដោយយើងឃើញម្ចាស់រ៉ឺម៉កកំពុងតែអង្គុយជក់បារីនៅក្នុងរ៉ឺម៉ក អញ្ចឹងបានន័យថាម្ចាស់រ៉ឺម៉ក គាត់កំពុងតែអង្គុយនៅខាងក្រោយ ហើយគាត់អង្គុយដោយយកជើងមួយជាន់លើកង់ ជើងមួយទៀតសំយុងចុះក្រោម ដោយគាត់យកដៃទាំងពីរដាក់លើជង្គង់ ហើយអង្គុយជក់បារី ដែលយើងឃើញថាជក់បារី គឺបណ្ដាលឲ្យប៉ះពាល់ដល់សុខភាព និងមានក្លិនមិនល្អនោះទេ ព្រោះថាផ្សែងបារីគឺមានធុំក្លិនស្អុយ ដូច្នេះហើយវាមិនល្អនោះទេសម្រាប់ការជក់បារី ហើយនៅក្នុងរូបភាពទីនេះនេះ គឺនៅខាងក្រោយរ៉ឺម៉កនោះ យើងឃើញមានកន្លែងលក់អាហារមួយកន្លែង ដូចជាមីឆា បានន័យថា ទោះបីជាពេលយប់ក៏ដោយ នៅពេលដែលយើងនៅតាមផ្លូវ គឺមានកន្លែងលក់មីឆាជាច្រើន នៅក្នុងប្រទេសកម្ពុជា ទោះបីជាយប់ ស្មើណាក៏ដោយ ទោះបីជាយប់ជ្រៅ ពាក់កណ្ដាលអធ្រាត្រ ក៏យើងអាចរកអាហារញ៉ាំបានដែរនៅតាមផ្លូវ ព្រោះថានៅប្រទេសកម្ពុជា អាហារនៅតាមផ្លូវ គឺគេលក់ ២៤ ម៉ោង បានន័យថាគេបើកជាប់ជានិច្ចរហូតតែម្ដង អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពនេះ យើងឃើញថា ទោះបីជាពួកគេចេញពីក្លឹបនៅក្នុងពេលយប់ជ្រៅក៏ដោយ ក៏យើងឃើញថាមានរទេះអាហារ ឬក៏រទេះមីឆា ឬក៏រទេះបបរ កំពុងតែលក់នៅតាមផ្លូវផងដែរ ដោយគាត់មិនទាន់បិទតូបនោះទេ

Khmer New Year (Sakanan) — 09


នៅក្នុងរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីការធ្វើពិធីស្រង់ព្រះហើយ បាទ ពិធីស្រង់ព្រះ បន្ទាប់ពីធ្វើហើយ គឺឪពុកម្ដាយ ឬក៏ជីដូនជីតា គាត់តែងតែឲ្យពរទៅដល់កូនចៅឲ្យបានសុខសប្បាយ និងមានសេចក្តីសុខបន្ទាប់មក បន្ទាប់ពីការធ្វើពិធីស្រង់ព្រះហើយ គ្រួសារខ្មែរតែងតែអង្គុយញ៉ាំបាយជុំគ្នាអញ្ចឹងនៅក្នុងរូបភាពទីនេះ គឺយើងឃើញថា គ្រួសារនោះ គាត់កំពុងតែអង្គុយញ៉ាំបាយជុំគ្នា ដោយទម្លាប់នៅក្នុងគ្រួសារខ្មែរ ឬក៏នៅក្នុងប្រទេសកម្ពុជា ការញ៉ាំអាហារជុំគ្នាពេលល្ងាច ឬក៏ពេលថ្ងៃត្រង់ គឺយើងពុំប្រើប្រាស់តុនោះទេ គឺយើងក្រាលកន្ទេល អញ្ចឹងយើងញ៉ាំបាយនៅលើកន្ទេល ឬក៏កម្រាលមួយ ព្រោះថាជាទម្លាប់តាំងពីដើម គឺយើងប្រើប្រាស់កន្ទេលបែបនេះតែម្ដងអញ្ចឹងនៅក្នុងរូបភាពនេះយើងឃើញថាគ្រួសារនោះ គាត់បានក្រាលកន្ទេលមួយ ដោយមានម្ហូបនៅលើកន្ទេលនោះជាច្រើន មានដូចជា យើងឃើញដូចជាត្រី និងបន្លែ ត្រីគឺយើងដាក់នៅក្នុងចានរាបឬក៏ចានពងក្រពើមួយ បន្លែគឺដាក់នៅក្នុងចានទាបតូចចំនួនពីរ ហើយយើងឃើញមានទឹកសម្លដែលដាក់នៅក្នុងចានគោម អញ្ចឹងម្ហូបទាំងអស់គឺយើងដាក់នៅកណ្ដាល ពួកគាត់បានដាក់ម្ហូបទាំងអស់នៅកណ្ដាល ហើយមនុស្ស[ដែល]នៅក្នុងគ្រួសារនោះ គាត់បានអង្គុយជុំវិញម្ហូបនោះដើម្បីញ៉ាំបាយជាមួយនឹងម្ហូប យើងឃើញថា មនុស្ស[នីមួយៗ] គ្រួសារនីមួយៗ សមាជិកនីមួយៗ គាត់បានកាន់ចានបាយឡើង ហើយគាត់ក៏បានចាប់ចង្កឹះឬក៏ស្លាបព្រា ដើម្បីដួសបាយញ៉ាំជាមួយនឹងម្ហូប អញ្ចឹងជាទូទៅនៅក្នុងប្រទេសកម្ពុជា ដើម្បីរក្សាសុជីវធម៌ និងគេហៅថា ដើម្បីរក្សាសីលធម៌ ការញ៉ាំបាយ គឺត្រូវឲ្យមនុស្សចាស់គាត់លូកមុនអញ្ចឹងម្ហូប ទោះបីជាយើងឃ្លានយ៉ាងណាក៏ដោយ ប្រសិនបើយើងញ៉ាំជាមួយមនុស្សចាស់ យើងមិនត្រូវញ៉ាំមុនមនុស្សចាស់នោះទេ គឺត្រូវឲ្យមនុស្សចាស់ គាត់លូកម្ហូបមុន ឬក៏គាត់ដួសម្ហូបយកមកពិសាមុន ទើបយើងអាចញ៉ាំបានតាមក្រោយ ធ្វើដូច្នេះ គឺសម្ដែងនូវការគោរពដល់គាត់ អញ្ចឹងយើងគោរពមនុស្សចាស់ ដូច្នេះយើងត្រូវតែពិសាអាហារឬក៏ញ៉ាំអាហារក្រោយគាត់អញ្ចឹងត្រូវឲ្យមនុស្សចាស់ពិសាអាហារមុននៅពេលដែលក្មេងគេហៅថាញ៉ាំ ចំណែក[...] និយាយជាមួយមនុស្សចាស់យើងហៅថាពិសាឬក៏ហូបហូបគឺប្រើចំពោះមនុស្សដែលអាយុបងយើងតិចឬក៏បងយើងបន្តិច ចំណែកឯពិសា គឺយើងប្រើជាមួយមនុស្សចាស់ ជាមួយឪពុកម្ដាយឬក៏ជីដូនជីតា អញ្ចឹងគឺយើងហៅពិសា គឺវាគួរសមជាងហូប

Noodle Soup (Sakanan) — 04


បន្ទាប់មកទៀតរូបភាពទីរូបភាពទីក្រោយពីពួកគេដើរបណ្ដើរ និយាយគ្នាបណ្ដើរ និងដើរមួយសន្ទុះក្រោយមក យើងឃើញថាពួកគេក៏បានដើរមកដល់កន្លែងលក់មីទឹកស៊ុបមួយកន្លែង ឬក៏កន្លែងលក់គុយទាវទឹកស៊ុបមួយកន្លែងក៏ប៉ុន្តែយើងឃើញនៅក្នុងរូបភាពនេះ គឺពួកគេទាំងពីរនាក់ អត់ទាន់បានចូលទៅរកកន្លែងលក់មីទឹកស៊ុបនោះទេ គឺពួកគេឈរនៅខាងមុខហាងនោះសិន ឬក៏ឈរនៅខាងមុខរទេះលក់មីនោះសិនដោយសារតែរទេះលក់មីនោះ គឺជាកន្លែងដែលលក់នៅតាមចិញ្ចើមថ្នល់ អញ្ចឹងគាត់មិនមែនជាបើកហាងធំ ឬក៏តូបធំនោះទេ គឺគាត់លក់ដោយរទេះ ហើយរទេះរបស់គាត់ គឺនៅចិញ្ចើមថ្នល់អញ្ចឹងការលក់នៅចិញ្ចើមថ្នល់ បានន័យថាគាត់លក់នៅក្បែរផ្លូវ ដែលគាត់មិនមែនលក់នៅលើផ្លូវនោះទេ ក៏ប៉ុន្តែគាត់លក់នៅក្បែរផ្លូវ ដែលយើងហៅថាចិញ្ចើមថ្នល់អញ្ចឹងយើងឃើញនៅខាងក្រោយគាត់ គឺជាស្រមោលនៃទីក្រុងមួយ អញ្ចឹងបានន័យថា គាត់ជាអ្នកដែលរស់នៅទីក្រុងដែរ ក៏ប៉ុន្តែ គាត់ ក្មេងប្រុសទាំងពីរនាក់ គាត់បានចេញពីទីក្រុង ឬក៏ដើរឆ្ងាយពីទីក្រុងបន្តិច ដើម្បីមករកកន្លែងលក់មីអញ្ចឹងការលក់មីនេះ គឺជាការលក់មីតាមចិញ្ចើមផ្លូវ ក៏ប៉ុន្តែយើងឃើញថា ទោះបីជាចិញ្ចើមផ្លូវ ក៏ប៉ុន្តែពេលខ្លះ គឺមីនោះគឺមានរសជាតិឆ្ងាញ់ ដោយមិនចាញ់ហាងធំនោះទេ ហើយម្យ៉ាងវិញទៀត មីទឹកស៊ុប ឬក៏គុយទាវទឹកស៊ុបដែលលក់នៅតាមចិញ្ចើមផ្លូវ គឺមានតម្លៃថោកជាងនៅក្នុងហាង ក៏ប៉ុន្តែរសជាតិមិនចាញ់គ្នាទេដែលយើងឃើញនៅក្នុងរូបភាពទីនេះ យើងឃើញមានស្ត្រីម្នាក់ ដែលគាត់កំពុងតែឈរនៅក្នុងរទេះលក់មី ឬក៏លក់គុយទាវរបស់គាត់ ដោយយើងឃើញនៅក្នុងរទេះនោះគឺមានដំបូលមួយ នៅលើរទេះគឺមានដំបូលមួយ ហើយនៅខាងក្នុងនោះគឺមានចានគោមជាច្រើន ដែលចានគោមគឺជាចានសម្រាប់ដាក់មីទឹកស៊ុប ដោយសារតែចានគោមអាចដាក់ទឹកស៊ុបបាន ដូច្នេះគេប្រើចានគោមដើម្បីដាក់មីទឹកស៊ុប ឬក៏គុយទាវទឹកស៊ុបហើយនៅក្បែរចាននោះយើងឃើញមានឆ្នាំងគុយទាវ ឬក៏ឆ្នាំងមីទឹកស៊ុប ដើម្បី សម្រាប់ធ្វើគុយទាវ ឬក៏ធ្វើមីទឹកស៊ុបឲ្យអតិថិជនដែលយើងឃើញស្ត្រីអ្នកលក់នោះ គាត់បួងសក់ឡើងលើ ហើយគាត់មានពាក់អៀមមួយផងដែរ ដើម្បីការពារកុំឲ្យប្រឡាក់ខោអាវរបស់គាត់អញ្ចឹងយើងឃើញរទេះលក់មីនោះ គឺជាការលក់មីនៅតាមចិញ្ចើមថ្នល់ ហើយក្មេងប្រុសទាំងពីរ គាត់ដើរមកដើម្បីញ៉ាំមីទឹកស៊ុប ឬក៏ញ៉ាំគុយទាវទឹកស៊ុបទាំងអស់គ្នា