KhmerPronunciationEnglish/Notes#occ
រអិលដួល rɔʔəl duəl to slip and fall 9/6

Link to overview page
Link to dictionary

Getting Up (Sakanan) — 10


ចូលដល់រូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញថា នារីម្នាក់នោះ បន្ទាប់ពីងូតទឹកហើយ បាទ បន្ទាប់ពីងូតទឹករួច គាត់បានយកកន្សែងមួយមកជូតខ្លួន អញ្ចឹងជាទូទៅបន្ទាប់ពីយើងងូតទឹករួច យើងត្រូវជូតខ្លួនយើងឲ្យបានស្ងួតជាមុនសិន មុននឹង[គាត់]យើងស្លៀកពាក់ខោអាវអញ្ចឹងនារីម្នាក់នោះ គាត់ពុំទាន់ស្លៀកពាក់ខោអាវនោះទេ ដែលគាត់បានយកកន្សែងមួយមករុំខ្លួនរបស់គាត់ បន្ទាប់មកគាត់បានយកកន្សែងនោះមកជូតនឹងខ្លួនរបស់គាត់ ដោយជូតខ្លួនមុន បន្ទាប់មកគាត់ជូតដៃតាមក្រោយ អញ្ចឹងគាត់យកជូតកន្លែងណាដែលសើម គឺដូចជាសក់ ដូចជាខ្លួន និងដៃជើងផងដែរ ព្រោះថានៅពេលដែលយើងចេញពីបន្ទប់ទឹក បើយើងមិនជូតខ្លួនទេ ទឹកនឹងស្រក់តាមខ្លួនរបស់យើងអញ្ចឹងទឹកស្រក់ធ្វើឲ្យប្រឡាក់ផ្ទះ ឬក៏សើមនៅក្នុងផ្ទះ ហើយអាចមានគ្រោះថ្នាក់នៅពេលដែលយើងដើរជាន់ទឹកនោះ ព្រោះវាអាចមិនដើរឲ្យយើងរអិលដួលបានដូច្នេះយើងត្រូវជូតខ្លួនឲ្យស្ងួតជាមុនសិន មុននឹងចេញពីបន្ទប់ទឹក ដើម្បីកុំឲ្យមានទឹកស្រក់ ឬក៏រអិលដួល នៅពេលដែលយើងចេញពីបន្ទប់ទឹកហើយក៏វាជាការសម្អាតខ្លួនមួយដែរ ព្រោះថានៅពេលដែលយើងងូតទឹករួច យើងត្រូវជូតសម្អាតខ្លួនឲ្យបានស្ងួត ដើម្បីកុំឲ្យសើម ឬក៏ទទឹកនូវខោអាវរបស់យើង

Personal Hygiene (Sakanan) — 12


បន្ទាប់មកទៀតរូបភាពទី ១២ រូបភាពទី ១២ យើងឃើញថា បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់ងូតទឹកដុសសាប៊ូរួចរាល់អស់ហើយ គាត់ក៏បានបិទទឹក រួចក៏គាត់ដើរចេញពីកន្លែងងូតទឹក ដោយយើងឃើញកន្លែងងូតទឹករបស់គាត់ គឺមានបាំងវាំងននមួយ មានបាំងវាំងននដើម្បីកុំឲ្យខ្ទាតទឹកចេញមកខាងក្រៅ អញ្ចឹងបន្ទប់ទឹករបស់គាត់ចែកចេញជាពីរ គឺកន្លែងលាងដៃ និងកន្លែងងូតទឹក ហើយកន្លែងងូតទឹកត្រូវបាំងវាំងនន ដើម្បីកុំឲ្យមានទឹកខ្ទាតចេញមកខាងក្រៅ ដែលធ្វើឲ្យប្រឡាក់ គគ្រិច អញ្ចឹងរូបភាពនេះគឺគាត់ចេញពីកន្លែងងូតទឹក ហើយគាត់យកបានយកកន្សែងពោះគោមួយ គាត់បានយកកន្សែងពោះគោមកជូតខ្លួនរបស់គាត់ ដែលកន្សែងរបស់គាត់គឺមានពណ៌លឿង អញ្ចឹងគាត់កាន់កន្សែងរបស់គាត់ ដោយយកកន្សែងរបស់គាត់ជូតនឹង ហើយរុំនឹងខ្លួន អញ្ចឹងគាត់ជូតខ្លួនគាត់ឲ្យបានស្អាតមុននឹងគាត់ចេញពីបន្ទប់ទឹក ព្រោះថាប្រសិនបើខ្លួនគាត់អត់ទាន់ស្ងួត ហើយគាត់ដើរចូលទៅក្នុងផ្ទះ ឬក៏គាត់ចេញពីបន្ទប់ទឹកដើរចូលទៅក្នុងផ្ទះ នោះផ្ទះរបស់គាត់នឹងសើម ហើយអាចនឹងរអិល អញ្ចឹងគាត់អាចនឹងរអិលដួល ប្រសិនបើយើងសើម ខ្លួនយើងសើម ហើយជើងរបស់យើងសើម ហើយជើងជាន់ទៅលើឥដ្ឋការ៉ូ នោះវាអាចនឹងធ្វើឲ្យយើងរអិលដួល និងមានគ្រោះថ្នាក់បាន ដូច្នេះមុនពេលដែលយើងចេញពីបន្ទប់ទឹក យើងត្រូវជូតខ្លួនយើងឲ្យបានស្អាតជាមុនសិន ព្រោះប្រសិនបើមានទឹកនៅដក់ជាប់នឹងខ្លួនយើង ធ្វើឲ្យផ្ទះរបស់យើងប្រឡាក់និងសើមដោយសារទឹក ដូច្នេះមុននឹងយើងចេញពីបន្ទប់ទឹក យើងត្រូវជូតខ្លួនយើងឲ្យបានស្អាតជាមុនសិន

Fruits (Sakanan) — 10 Banana


បន្ទាប់មកទៀតរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញមានរូបភាពផ្លែឈើជាច្រើនផ្សេងទៀតផងដែរ ដែលរូបភាពទី ១០ នៅខាងដើមគេ គឺយើងឃើញមានចេក អញ្ចឹងផ្លែចេកគឺជាផ្លែឈើមួយប្រភេទដែលយើងនិយមទូទៅនិយមញ៉ាំ ដោយផ្លែចេកគឺមាន[រសជាតិ]ថោក ហើយម្យ៉ាងទៀតផ្លែចេក នៅពេលដែលមានពិធីបុណ្យទានផ្សេងគេយើងយកផ្លែចេកមកសែន ដោយផ្លែចេកនៅខ្ចីពណ៌បៃតង ហើយផ្លែចេកទុំគឺពណ៌លឿង ហើយផ្លែចេកគឺមានជាច្រើន បានន័យថាក្នុងស្និត គឺយើងរាប់ស្និត អញ្ចឹងក្នុងស្និត ជាទូទៅគឺមាន ១២ ផ្លែ អញ្ចឹងផ្លែចេកស្និតគឺមាន ១២ ផ្លែ ដែលយើងអាចញ៉ាំបានទាំង ១២ ផ្លែតែម្ដង ក៏ប៉ុន្តែផ្លែចេកគឺអត់មានគ្រាប់ទេ អញ្ចឹងផ្លែចេកគឺអត់មានគ្រាប់ទេ គឺមានតែសំបកហើយនិងសាច់ អញ្ចឹងដើម្បីញ៉ាំផ្លែចេកបានគឺយើងត្រូវតែបកសំបកវាចេញសិន គឺយើងអត់អាចញ៉ាំទាំងសំបកផ្លែចេកបានទេ ក៏ប៉ុន្តែសំបករបស់វាគឺមានលក្ខណៈរអិល ដូច្នេះប្រសិនបើយើងបកសំបកវា ហើយបោះទៅលើផ្លូវ នៅពេលដែលមាននរណាម្នាក់ដើរជាន់សំបកចេក គឺអាចធ្វើឲ្យគេរអិលដួលនិងមានគ្រោះថ្នាក់បាន ដូច្នេះគឺនៅពេលដែលយើងញ៉ាំចេក យើងត្រូវបោះសំបកចូលទៅក្នុងធុងសំរាម ហើយផ្លែចេកនៅពេលដែលយើងចង់ដាំ គឺយើងអត់មានគ្រាប់ទេ ប៉ុន្តែវាដុះដោយសារឫសចេកផ្សេងទៀត អញ្ចឹងបានន័យថានៅពេលដែលមានដើមចេកដុះមួយ នៅក្បែរនោះប្រាកដជាមានដើមចេកផ្សេងទៀតដុះដែរអញ្ចឹងនៅពេលដែលនោះវា ឫសរបស់ចេកនោះគឺវានឹងដុះបានដើមចេកផ្សេងមួយទៀត អញ្ចឹងដើមចេកគឺយើងដាំដោយសារដើម គឺយើងអត់ដាំគ្រាប់នោះទេ

Hospital (Sakanan) — 03


បន្ទាប់មករូបភាពទីរូបភាពទីយើងឃើញថា បុរសម្នាក់នោះ គាត់ ទោះបីជាគាត់ព្យាយាមទប់ចង្កូតរបស់គាត់កុំឲ្យរអិលយ៉ាងណាក៏ដោយ ក៏ប៉ុន្តែដោយសារតែគាត់ជិះលឿនពេក ដោយសារតែគាត់បើកបរក្នុងល្បឿនលឿនពេក ដូច្នេះនៅពេលដែលគាត់កិនផ្លូវរអិល ជិះកាត់ផ្លូវរអិល ឬក៏ជិះកាត់ទឹក អញ្ចឹងវាធ្វើឲ្យគាត់ទប់ចង្កូតអត់ជាប់ ដូច្នេះនៅក្នុងរូបភាពទីយើងឃើញថា ម៉ូតូរបស់គាត់ក៏បានដួល អញ្ចឹងប្រសិនបើយើងជិះយឺតឬក៏ជិះល្មមគឺនៅពេលដែលយើងជិះកាត់ផ្លូវរអិល ឬក៏ជិះកាត់ក្រឡុក ឬក៏ជិះកាត់ទឹកដក់ គឺយើងអាចទប់ចង្កូតបាន បានន័យថាយើងអាចទប់លំនឹងម៉ូតូរបស់យើងមិនឲ្យរេ ឬក៏មិនឲ្យរអិលដួលបាន ឬក៏យើងអាចដាក់ជើងទប់ជាប់បាន បានន័យថាយើងគ្រាន់តែដាក់ជើងដាក់ចុះមកដី គឺវាអាចទប់លំនឹងម៉ូតូរបស់យើងកុំឲ្យដួលបាន ក៏ប៉ុន្តែប្រសិនបើយើងជិះលឿនពេក ប្រសិនបើយើងជិះលឿនពេក នៅពេលដែលម៉ូតូរអិល គឺយើងអត់អាចទប់ជាប់នោះទេ បានន័យថាម៉ូតូរបស់យើងនឹងអាចដួលបាន ព្រោះនៅពេលដែលយើងជិះលឿនគឺល្បឿនម៉ូតូនឹងធ្វើឲ្យម៉ូតូរអិលខ្លាំង ដូច្នេះយើងអត់អាចទប់ជាប់នោះទេ ដោយជាក់ស្ដែងនៅក្នុងរូបភាពទីនេះ បុរសម្នាក់នោះ គាត់អត់អាចទប់ល្បឿនម៉ូតូរបស់គាត់ជាប់ អញ្ចឹងនៅពេលដែលគាត់ជិះកាត់ផ្លូវរអិល ពេលដែលគាត់ជិះកាត់ផ្លូវរអិលធ្វើឲ្យម៉ូតូគាត់ដួល អញ្ចឹងយើងឃើញគាត់ខ្ទាតចេញពីម៉ូតូ ដោយសារតែគាត់ជិះលឿន ដូច្នេះនៅពេលដែលម៉ូតូដួលធ្វើឲ្យគាត់ខ្ទាតចេញពីម៉ូតូ ហើយដួលបោកទៅនឹងថ្នល់ អញ្ចឹងដោយសារតែគាត់ពាក់មួកការពារសុវត្ថិភាព ដូច្នេះក្បាលរបស់គាត់ប្រហែលជាអត់មានបញ្ហានោះទេ ក៏ប៉ុន្តែខ្លួនរបស់គាត់ប្រហែលជាមានបញ្ហា ដោយសារតែយើងឃើញនៅទីនេះ គឺគាត់កំពុងតែខ្ទាតចេញពីម៉ូតូដែលគាត់កំពុងតែជិះ ដោយសារតែគាត់រអិលដួល ដោយសារតែម៉ូតូរបស់គាត់កិនទៅលើផ្លូវរអិល ហើយម៉ូតូរបស់គាត់បានដួល និងដោយសារតែគាត់ជិះក្នុងល្បឿនលឿនផង ដូច្នេះនៅពេលដែលម៉ូតូគាត់ដួល ធ្វើឲ្យគាត់ខ្ទាតចេញពីម៉ូតូយ៉ាងឆ្ងាយ ហើយម៉ូតូរបស់គាត់អូសលើផ្លូវយ៉ាងឆ្ងាយផងដែរ

Boats (Sakanan) — 05


បន្ទាប់មកទៀតរូបភាពទីរូបភាពទីបន្ទាប់ពីអ្នកដំណើរគាត់ចេញអស់ពីទូកហើយ យើងឃើញបុរសដែលពាក់អាវស្វាយ គាត់ក៏បានដើរចូលទៅក្នុងទូកម្ដង អញ្ចឹងជាទូទៅគឺទូកនិងកំពង់ផែ គឺអត់នៅកៀកគ្នាទេ គឺមានចន្លោះធំ ព្រោះយើងឃើញថាគម្លាតនៃកង់ឡាន ទំហំកង់ឡានគឺក្រាស់ អញ្ចឹងនៅពេលដែលទូកប៉ះនឹងកង់ឡាន គឺធ្វើឲ្យវាអត់ដល់ផែទេ អត់ដល់កំពង់ផែទេ ដូច្នេះធ្វើឲ្យមានចន្លោះ អញ្ចឹងនៅពេលដែលយើងឡើងលើទូក យើងត្រូវឈានជំហានឲ្យធំ ឬក៏បោះជំហានឲ្យវែង ជាក់ស្ដែងបុរសម្នាក់នេះ គាត់បោះជំហានយ៉ាងវែង ដើម្បីឡើងលើទូក ដោយជើងឆ្វេងរបស់គាត់នៅលើកំពង់ផែ រីឯជើងស្ដាំគាត់ឈានយ៉ាងវែងឡើងទៅលើទូក ដោយសារតែទូកនិងកំពង់ផែគឺមានចន្លោះរវាងគ្នានិងគ្នា គឺអត់ជិតគ្នាទេ អញ្ចឹងប្រសិនបើយើងឈានជំហានតិចពេក យើងឈានជំហានយើងជំហានខ្លីពេក គឺអាចធ្វើឲ្យយើងមិនដល់ទូក ឈានអត់ដល់ទូក ដូច្នេះវាអាចធ្វើឲ្យយើងធ្លាក់នៅក្នុងទឹក ធ្វើឲ្យមានគ្រោះថ្នាក់បាន ឬក៏ធ្វើឲ្យយើងដួលប៉ះទង្គិចទៅនឹងទូក ដែលអាចធ្វើឲ្យយើងមានគ្រោះថ្នាក់បានដូចគ្នា អញ្ចឹងដើម្បីឡើងលើទូក យើងត្រូវបោះជំហានឲ្យវែងឲ្យផុតចន្លោះ ដើម្បីកុំឲ្យធ្លាក់ទឹក ម្យ៉ាងវិញទៀតប្រសិនបើក្មេង ក្មេងគាត់អត់អាចឈានដល់ទេ គឺគាត់ឈានអត់ដល់ទេ អញ្ចឹងប្រសិនបើមានក្មេងចង់ជិះទូក យើងត្រូវលើក[ពោរ?]ក្មេងឡើង ឬក៏ជួយលើកក្មេង ដើម្បីដាក់ចូលទៅលើទូក ដោយអត់ឲ្យគាត់ឈានខ្លួនឯងទេ ព្រោះថាប្រសិនបើគាត់ឈានឡើងលើទូកខ្លួនឯង គាត់អាចនឹងមានគ្រោះថ្នាក់ ដោយសារតែគាត់ឈានអត់ដល់ ជាក់ស្ដែងបុរសម្នាក់នេះ គាត់បោះជំហានយ៉ាងវែង ដោយដៃរបស់គាត់ម្ខាងកាន់ផែនទី ហើយដៃម្ខាងរបស់ទៀតគាត់បោះថយក្រោយ គឺដើម្បីឈានជំហានឲ្យបានវែង ហើយយើងឃើញនារីដែលឈរខាងក្រោយនោះ គាត់កំពុងតែដើរឡើងលើទូកដែរ ដោយដៃម្ខាងគាត់យួរកាបូប ដៃម្ខាងគាត់តោងទូកនៅខាងលើ បានន័យថាគាត់តោងដំបូលទូក ហើយគាត់ក៏ឈានជើងឡើងលើទូកផងដែរ ដោយអ្នកទាំងពីរត្រូវឈានជំហានឲ្យវែងដើម្បីឡើងលើទូក កុំឲ្យមានគ្រោះថ្នាក់ កុំឲ្យរអិលដួល ឬក៏ធ្លាក់ចូលទៅក្នុងទឹក

Doing The Dishes (Sakanan) — 14


បន្ទាប់មកទៀតរូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ យើងឃើញ បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់លាងសម្អាតចានរបស់គាត់រួចរាល់ហើយ អញ្ចឹងគាត់លាងសម្អាតចាននោះរួចរាល់ហើយ គាត់ក៏បានចាក់ទឹកដែលគាត់លាងរួចនោះចេញចូលទៅក្នុងទឹកលូ អញ្ចឹងគាត់អត់ត្រូវចាក់ពាសវាលពាសកាលទៅលើថ្នល់នោះទេ ដោយសារតែប្រសិនបើគាត់យកទឹកកខ្វក់ ដែលគាត់លាងចានរួចរាល់នោះ គាត់ចាក់ពាសវាលពាសកាលទៅលើថ្នល់ អញ្ចឹងអាចធ្វើឲ្យថ្នល់នោះសើម ហើយនៅពេលដែលថ្នល់សើម គឺវាធ្វើឲ្យគគ្រិច ពិបាកក្នុងការធ្វើដំណើរ ហើយពេលខ្លះប្រសិនបើមានឡានម៉ូតូ គាត់ជិះមកកិនលើទឹកដែលខ្ទាតទៅលើថ្នល់នោះ អាចធ្វើឲ្យខ្ទាតទឹកប្រឡាក់ទៅដល់អ្នកដទៃបាន ដោយសារតែពេលខ្លះថ្នល់គឺមានដី អញ្ចឹងប្រសិនបើមានដី ដីប៉ះទឹក នឹងទៅជាភក់ អញ្ចឹងនៅពេលដែលមានម៉ូតូ ឬក៏ឡានជិះកិន វានឹងខ្ទាតប្រឡាក់ទៅអ្នកដំណើរផ្សេងទៀត ហើយម្យ៉ាងវិញទៀតប្រសិនបើយើងចាក់ទឹកសាប៊ូ ឬក៏ចាក់ទឹកលាងចានទៅលើថ្នល់ វាធ្វើឲ្យថ្នល់នោះរអិល អញ្ចឹងប្រសិនបើយើងជិះម៉ូតូកាត់ ឬក៏ជិះកង់កាត់ទឹករអិល គឺអាចធ្វើឲ្យយើងមានគ្រោះថ្នាក់បាន ដោយយើងអាចរអិលដួលកង់ ឬក៏រអិលម៉ូតូដួល ហើយអាចធ្វើឲ្យមានគ្រោះថ្នាក់ មានរបួសផ្សេងឬក៏អាចបាត់បង់ជីវិតផងដែរដូច្នេះដើម្បីរក្សាសុវត្ថិភាពឲ្យអតិថិជន ក៏ដូចជារក្សាសុវត្ថិភាពឲ្យអ្នកធ្វើដំណើរផ្សេងគឺយើងអត់ត្រូវលាងចានហើយជះចូលទៅក្នុងថ្នល់នោះទេអញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពទី ១៤ ក្មេងប្រុសម្នាក់នេះ បន្ទាប់ពីគាត់លាងចានរួចរាល់ហើយ យើងឃើញគាត់លើកចានដែកពណ៌លឿងរបស់គាត់ចាក់ចូលទៅក្នុងលូ អញ្ចឹងគាត់ចាក់ទឹកដែលនៅក្នុងចានដែកទាំងអស់ចូលទៅក្នុងលូមួយ គាត់ចាក់ចូលទៅក្នុងលូ គឺគាត់អត់ចាក់ទៅលើថ្នល់នោះទេ ព្រោះដើម្បីកុំឲ្យថ្នល់គគ្រិច អញ្ចឹងគាត់ចាក់ចូលទៅក្នុងលូ ដូច្នេះលូនឹងមានប្រព័ន្ធលូហូរនាំចូលទៅកន្លែងស្ដុកទឹកគគ្រិច ឬក៏ស្ដុកទឹកកខ្វក់ទុក អញ្ចឹងនៅពេលដែលគាត់ចាក់ចូលក្នុងលូ ទឹកនោះនឹងហូរចូលទៅកន្លែងស្ដុកទឹកកខ្វក់ ដែលយើងឃើញនៅក្បែរក្មេងប្រុសនោះ គឺមានធុងចានមួយ ដែលចាននោះគឺជាចានលាងរួចរាល់ហើយ អញ្ចឹងចានដែលគាត់បានលាងរួចរាល់ហើយ គាត់គរទុកនៅក្នុងធុងនោះ ហើយគាត់យកទឹកមកចាក់ចូលទៅក្នុងលូ