KhmerPronunciationEnglish/Notes#occ
ផល pʰɑl 1. fruit
2. product, output, result, reaction, effect
3. benefit, interest, profit, progress, wealth
4. luck, (good or bad), consequences of one's actions, karma
15/6

Link to overview page
Link to dictionary

Khmer New Year (Sakanan) — 05


ចូលដល់រូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីគ្រួសារនោះគាត់បានទៅដល់ព្រះវិហាររួចហើយ គាត់បានប្រគេនស្លាដក់ទៅដល់ព្រះសង្ឃ ក៏ដូចជាពូនភ្នំខ្សាច់រួចហើយ ពួកគាត់ទាំងអស់គ្នា ក៏បានដើរចេញមកខាងក្រៅវិញអញ្ចឹងបន្ទាប់ពីយើងប្រគេនស្លាដក់ ឬក៏ប្រគេនចង្ហាន់ទៅដល់ព្រះសង្ឃ ព្រះសង្ឃនឹងសូត្រធម៌ ឬក៏ឲ្យពរ ដើម្បីឲ្យយើងបានជួបនូវសេចក្តីសុខ បន្ទាប់មកយើងក៏ឧទ្ទិស បាទ ឧទ្ទិសទៅដល់ដូនតា ឬក៏ជីដូនជីតារបស់យើងដែលបានស្លាប់អញ្ចឹងឧទ្ទិស យើងមានន័យថា ការផ្សង ឬក៏ប៉ង ឬក៏ជូនផល អញ្ចឹងគាត់ជូនផលទៅដល់ជីដូនជីតារបស់គាត់រួចរាល់ហើយ បន្ទាប់មកពួកគាត់ទាំងអស់ ក៏បានចុះពីព្រះវិហារវិញអញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញថា ពួកគាត់បានចេញពីព្រះវិហារមក ដោយចុះតាមកាំជណ្ដើរ អញ្ចឹងគាត់ចុះតាមកាំជណ្ដើរ ចេញមកខាងក្រៅ ដោយបុរសម្នាក់នោះជាអ្នកចុះមុន ជាអ្នកដើរនៅខាងមុខ បន្ទាប់មកគឺនារីដែលជាប្រពន្ធ គាត់ដើរនៅកណ្ដាល ហើយកូនប្រុសរបស់ពួកគាត់ គឺដើរនៅខាងក្រោយគេអញ្ចឹងពួកគាត់ត្រលប់ចេញពីព្រះវិហារដែលនៅក្នុងវត្តនោះ ហើយពួកគាត់ត្រលប់ទៅផ្ទះវិញ

Rice (Sakanan) — 08


បន្ទាប់មករូបភាពទីនៅក្នុងរូបភាពទីគឺយើងឃើញកសិករកំពុងតែច្រូតស្រូវ អញ្ចឹងស្រូវ ឬក៏ដើមស្រូវដែលទុំ គឺមានពណ៌ក្រហម អញ្ចឹងអម្បាញ់មិញ នៅក្នុងរូបភាពទីយើងឃើញសន្ទូងពណ៌បៃតងកំពុងតែបែកគុម្ព រហូតមកដល់រូបភាពទីគឺស្រូវផ្លែ ហើយទុំ អញ្ចឹងនៅពេលដែលស្រូវទុំ គឺមានពណ៌មាស ឬក៏ពណ៌លឿង អញ្ចឹងដើមស្រូវក៏មានពណ៌មាស ឬក៏ពណ៌លឿងដូចគ្នា នៅពេលដែលស្រូវទុំ អញ្ចឹងហើយ នៅពេលដែលស្រូវទុំ គឺកសិករ គាត់កំពុងតែច្រូតស្រូវ អញ្ចឹងការប្រមូលផលស្រូវ គឺយើងហៅថាការច្រូតស្រូវ ដោយនៅក្នុងរូបភាពនេះ គឺយើងឃើញកសិករ គាត់កំពុងតែដើរនៅក្នុងស្រូវរបស់គាត់ ដើរនៅក្នុងដើមស្រូវរបស់គាត់ដើម្បីច្រូត ដោយយើងឃើញដៃឆ្វេងគាត់កាន់ដើមស្រូវពណ៌លឿង រីឯដៃស្ដាំគាត់កាន់ឧបករណ៍សម្រាប់ច្រូតស្រូវ អញ្ចឹងឧបករណ៍សម្រាប់ច្រូតស្រូវ យើងហៅថាកណ្ដៀវ អញ្ចឹងគេអត់ប្រើកាំបិត ឬក៏ពូថៅ ដើម្បីទៅកាត់ដើមស្រូវនោះទេ គឺគេមានឧបករណ៍សម្រាប់កាត់ដើមស្រូវ យើងហៅថាកណ្ដៀវ ដែលវាមានមុខ មានធ្មេញតូចដូចរណារដែរ តែវាមានរាងកោង ហើយវាមានដងឈើសម្រាប់ចាប់កាន់ អញ្ចឹងវាជាធ្វើអំពីដែក ដោយមានដងឈើសម្រាប់ចាប់កាន់ ហើយវាមានធ្មេញតូចដូចរណារ ក៏ប៉ុន្តែវាមានរាងកោងខាងមុខបន្តិច ដើម្បីងាយស្រួលក្នុងការច្រូតស្រូវ អញ្ចឹងការប្រមូលផលស្រូវទុំ យើងហៅថាការច្រូតស្រូវ ហើយឧបករណ៍សម្រាប់ច្រូតស្រូវ គឺយើងហៅថាកណ្ដៀវ នៅក្នុងរូបភាពទីគឺកសិករ គាត់កំពុងតែប្រមូលផលស្រូវ ឬក៏គាត់កំពុងតែច្រូតស្រូវ

Khmer New Year (Sakanan) — 12


នៅក្នុងរូបភាពទី ១២ នៅក្នុងរូបភាពទី ១២ យើងឃើញថា មានមនុស្សចំនួនពីរក្រុម ដែលក្នុងនោះមានប្រុសមួយក្រុម និងស្រីមួយក្រុម គាត់កំពុងតែលេងចោលឈូង អញ្ចឹងចោលឈូងគឺជាល្បែងប្រជាប្រិយរបស់ខ្មែរ ដែលគេតែងតែលេងនៅក្នុងពិធីចូលឆ្នាំថ្មី ដែលល្បែងនេះ គឺយើងលេងដោយចែកចេញជាពីរក្រុម គឺស្រីមួយក្រុមនិងប្រុសមួយក្រុម ដែល ហើយឈូង គឺគេធ្វើអំពីបាល់ឈូងគឺជាបាល់ក្រណាត់ បាទ ជាបាល់មួយដែលធ្វើអំពីក្រណាត់ ដែលក្រណាត់នោះ គឺយើងចងចេញជាបាល់ ហើយមានកន្ទុយមួយ យើងទុកកន្ទុយមួយសម្រាប់ចោលអញ្ចឹងខាងប្រុស នៅពេលនោះ គឺយើងឲ្យម្ខាងចោលបាល់ឈូងនោះ ហើយម្ខាងទៀតជាអ្នកចាប់ឈូង អញ្ចឹងនៅពេលដែលយើងចោល អ្នកខាងចាប់ត្រូវតែចាប់ឲ្យបាន បន្ទាប់ពីចាប់ហើយ យើងត្រូវគប់មករកអ្នកដែលចោលវិញប៉ុន្តែឈូងនោះ គឺមិន គប់និងចោលមិនមានគ្រោះថ្នាក់នោះទេ ព្រោះថាបាល់ដែលធ្វើពីក្រណាត់ ទោះជាប៉ះទង្គិច ក៏មិនមានការឈឺចាប់ ឬក៏មិនមានគ្រោះថ្នាក់ដែរ គឺគេលេងដើម្បីសប្បាយរីករាយ អញ្ចឹងហើយទើបគេធ្វើបាល់នោះអំពីក្រណាត់ ដូច្នេះវាមិនបង្កឲ្យមានផលប៉ះពាល់ ឬក៏មិនបង្កឲ្យមានរបួសនោះទេអញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញថា មានមនុស្សប្រុសមួយក្រុម បាទ គាត់កំពុងតែបោះឈូងទៅឲ្យខាងស្រី ចំណែកឯខាងស្រីមួយក្រុមនោះ គាត់កំពុងតែយកដៃ ដើម្បីចាប់ឈូង ដែលខាងប្រុសនោះគាត់បោះទៅអញ្ចឹងការចោលឈូង គឺយើងមានលក្ខខណ្ឌគ្នា បាទ គឺប្រសិនបើយើងចោលឈូងទៅម្ខាងទៀតចាប់មិនបានទេ គឺម្ខាងនោះត្រូវតែច្រៀង ឬក៏រាំទៅតាមការចង់បានរបស់អ្នកចោលឈូង ឬក៏របស់អ្នកដែលឈ្នះ អញ្ចឹងនៅពេលដែលយើងចាប់ឈូងអត់បាន គឺយើងក្លាយដូចជាអ្នកចាញ់

Rice (Sakanan) — 10


បន្ទាប់មកទៀតរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញ បន្ទាប់ពីកសិករ គាត់ប្រមូលផលស្រូវ ឬក៏គាត់ប្រឡេះគ្រាប់ស្រូវ បោកស្រូវចេញពីដើមស្រូវរួចរាល់ហើយ គាត់យកគ្រាប់ស្រូវនោះមកហាល អញ្ចឹងជាទូទៅគឺគ្រាប់ស្រូវ នៅពេលដែលយើងប្រមូលផលរួច គឺមានលក្ខណៈសើមបន្តិច អញ្ចឹងដើម្បីឲ្យវាស្ងួតល្អ ដើម្បីឲ្យគ្រាប់ស្រូវនោះស្ងួតល្អ គឺយើងត្រូវយកវាមកហាលក្រោមពន្លឺព្រះអាទិត្យ ដែលរូបភាពទី ១០ នេះ យើងឃើញមានផ្ទះមួយខ្នងពណ៌ប្រផេះ ហើយផ្ទះនោះគឺជាផ្ទះរបៀបដែល[អ្នក]នៅស្រុកស្រែ គឺគាត់ធ្វើផ្ទះខ្ពស់ផុតពីដី ដែលមានជើងសសរផងដែរ អញ្ចឹងនៅក្នុងផ្ទះនេះ យើងឃើញមានជើងសសរបួន ហើយមានកាំជណ្ដើរមួយដើម្បីឡើងទៅលើផ្ទះ អញ្ចឹងនៅខាងមុខផ្ទះគឺមានរានហាល ដោយឡើងពីកាំជណ្ដើរទៅ យើងឡើងទៅដល់រានហាល បន្ទាប់មកគឺយើងឃើញផ្ទះមានបង្អួច និងមានដំបូលមួយផងដែរ អញ្ចឹងផ្ទះនេះគឺជាផ្ទះរបៀបស្រុកស្រែ ដែលគេធ្វើខ្ពស់ផុតពីដី ដែលនៅក្បែរផ្ទះនោះគឺយើងឃើញមានពាងមួយ ពាងសម្រាប់ដាក់ទឹក អញ្ចឹងជាទូទៅនៅស្រុកស្រែចំការ គឺអត់មានទឹកម៉ាស៊ីននោះទេ ដូច្នេះហើយគឺកសិករ គាត់ប្រើប្រាស់ពាង ដើម្បីត្រងទឹកភ្លៀង អញ្ចឹងនៅពេលដែលមានភ្លៀងមក គឺកសិករត្រងទឹកភ្លៀងដាក់ចូលក្នុងពាងដើម្បីទុកប្រើប្រាស់ ហើយយើងឃើញនៅខាងក្រោយផ្ទះគឺមានភ្នំមួយ អញ្ចឹងភ្នំមួយនោះ គឺនៅជិតផ្ទះរបស់គាត់ ហើយមានដើមឈើជាច្រើនផងដែរ ដែលយើងឃើញដើមខ្លះ គឺជាដើមត្នោត ហើយដើមឈើផ្សេងទៀតជាច្រើនដែលដុះនៅក្បែរផ្ទះរបស់គាត់ ដោយយើងឃើញនៅខាងមុខផ្ទះគឺមានកន្ទេលមួយ ឬក៏តង់កៅស៊ូមួយពណ៌ខៀវ ហើយនៅលើតង់កៅស៊ូ ឬក៏នៅលើកន្ទេលពណ៌ខៀវនោះ គឺមានគ្រាប់ស្រូវពណ៌មាសជាច្រើន អញ្ចឹងគ្រាប់ស្រូវទុំគឺមានពណ៌មាស ឬក៏ពណ៌លឿង ហើយមានក្លិនក្រអូបផងដែរ គឺ អាចនៅពេលដែលយើងដើរក្បែរស្រូវទុំ គឺយើងមានក្រអូប ឬក៏ប្រហើរស្រូវទុំផងដែរ ការហាលស្រូវគឺយើងហាលនៅក្រោមពន្លឺព្រះអាទិត្យ អញ្ចឹងយើងឃើញព្រះអាទិត្យកំពុងតែរះ និងបញ្ចេញពន្លឺ និងបញ្ចេញកម្ដៅមកលើគ្រាប់ស្រូវដើម្បីឲ្យស្ងួត ដូច្នេះគ្រាប់ស្រូវដែលយើងទើបតែប្រមូលផលបានភ្លាមគឺមានសភាពសើមដូច្នេះហើយគឺយើងអត់អាចយកមកប្រើប្រាស់បានទេ អញ្ចឹងយើងត្រូវធ្វើយ៉ាងណាឲ្យគ្រាប់ស្រូវស្ងួតជាមុនសិន មុននឹងយើងយកមកបោកឬក៏យកមកកិន ដើម្បីចេញជាអង្ករ អញ្ចឹងនៅក្នុងរូបភាពទី ១០ គឺយើងឃើញកសិករ គាត់កំពុងតែហាលស្រូវរបស់គាត់នៅក្រោមពន្លឺព្រះអាទិត្យ ដើម្បីឲ្យស្រូវរបស់គាត់ស្ងួត

Khmer New Year (Sakanan) — 14


ចូលដល់រូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ គឺជាល្បែងប្រជាប្រិយខ្មែរមួយមុខទៀត គេហៅថាលេងចាប់កូនខ្លែងអញ្ចឹងលេងចាប់កូនខ្លែង គឺយើងត្រូវបែងចែកជាពីរក្រុម ដោយមួយក្រុមមានមនុស្សច្រើនអ្នក ឈរតម្រង់ជួរគ្នាដោយឱបចង្កេះគ្នាទៅវិញទៅមកអញ្ចឹងមួយក្រុមគឺឈរតម្រង់ជួរគ្នាដោយតោងចង្កេះគ្នាពីមុខទៅក្រោយ បាទ ហើយម្នាក់មួយក្រុមទៀតគឺមានសមាជិកតែម្នាក់ប៉ុណ្ណោះ ដោយគាត់ដើរតួជាខ្លែង ចំណែកឯមនុស្សមួយក្រុមដែលឈរតម្រង់ជួរគ្នាដើរតួជាមាន់ ហើយនៅខាងមុខគេគឺជាដើរតួជាមេមាន់ អញ្ចឹងខ្លែងត្រូវទៅសុំចាប់កូនមាន់ពីមេមាន់ ប៉ុន្តែនៅពេលដែលខ្លែងទៅ ខ្លែងត្រូវច្រៀងសុំចាប់កូនខ្លែងពីមេមាន់ ហើយមេមាន់មិនព្រមនោះទេ ដោយមេមាន់ព្យាយាមការពារកូនមាន់នោះឲ្យខានតែងបានអញ្ចឹងល្បែងនេះគឺយើងយកតម្រាប់ទៅតាមសត្វខ្លែង ហើយនិងសត្វមាន់ដែលជាសត្វរស់នៅនៅក្នុងស្រុកភូមិ ហើយសត្វខ្លែងតែងតែមកឆាបកូនមាន់យកទៅស៊ី ហើយមេមាន់តែងតែការពារកូនមាន់របស់គេ ដូច្នេះខ្មែរយើងក៏បានមើលសកម្មភាពរបស់សត្វទាំងពីរ ហើយក៏បង្កើតជាល្បែងនេះឡើងអញ្ចឹងនៅពេលនោះ ខ្លែងត្រូវតែព្យាយាម ធ្វើយ៉ាងណា ចាប់មនុស្សដែលនៅខាងក្រោយឲ្យបាន ហើយមេមាន់ព្យាយាមរត់ទៅបាំងខ្លែងដើម្បីកុំឲ្យចាប់កូនមាន់បានអញ្ចឹងកូនមាន់ដែលនៅខាងក្រោយ ឬក៏មនុស្សដែលនៅខាងក្រោយ ត្រូវតែព្យាយាមរត់តាមមេមាន់ ដើម្បីកុំឲ្យខ្លែងចាប់បាន នៅពេលដែលខ្លែងចាប់បាននោះ កូនមាន់នោះនឹងក្លាយទៅជាចំណីរបស់ខ្លែង ហើយគេនឹងក្លាយទៅជាអ្នកចាញ់ បន្ទាប់មកអ្នកចាញ់នឹងត្រូវច្រៀង ឬក៏រាំទៅតាមអ្វីដែលអ្នកឈ្នះចង់បានអញ្ចឹងល្បែងប្រជាប្រិយខ្មែរដែលលេងនៅក្នុងពិធីចូលឆ្នាំខ្មែរគឺមានច្រើនប្រភេទ មានដូចជាចោលឈូង បោះអង្គញ់ ចាប់កូនខ្លែង លាក់កន្សែងជាដើមហើយល្បែងទាំងអស់នោះ ពុំមែនជាល្បែងស៊ីសងនោះទេ វាគឺជាល្បែងប្រពៃណី ឬក៏ល្បែងប្រជាប្រិយ ដែលប្រជាជនខ្មែរតែងតែលេងដើម្បីភាពសប្បាយរីករាយនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីហើយពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសកម្ពុជា តែងតែធ្វើឡើងនៅក្នុងខែមេសា បាទ ខែមេសាដែលជាខែប្រាំង ហើយយើងធ្វើឡើងនេះគឺនៅក្នុង ពេលដែលប្រមូលផលរួច អញ្ចឹងនៅពេលដែលប្រជាជនគាត់ប្រមូលផលស្រែចំការគាត់រួចរាល់ហើយ គាត់ក៏បានរៀបចំពិធីចូលឆ្នាំថ្មីនេះ ដើម្បីជួបជុំគ្នាសប្បាយរីករាយ និងដើម្បីអបអរនូវផលដំណាំ ដែលគាត់បានប្រមូលរួចរាល់ ដូច្នេះគឺយើងតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅក្នុងខែមេសា ដែលជាខែដែលប្រជាជនខ្មែរទាំងអស់ទូទាំងប្រទេស គាត់បានប្រមូលផលដំណាំគ្នារួចរាល់ បន្ទាប់មកប្រជាជនខ្មែរ គាត់ក៏បានជួបជុំគ្នា ដើម្បីលេងល្បែងប្រជាប្រិយ ក្នុងការកម្សាន្តនៅក្នុងភូមិរបស់គាត់ផងដែរ

Rice (Sakanan) — 09


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីគាត់ច្រូតស្រូវរួចរាល់ហើយ អញ្ចឹងបន្ទាប់ពីកសិករ គាត់ច្រូតស្រូវរួចរាល់ហើយ យើងឃើញកសិករ គាត់កំពុងតែយកដើមស្រូវ ដែលមានស្រូវទុំ មានផ្លែស្រូវទុំនៅជាប់ដើមនោះ មកបោកទៅនឹងក្ដារ ឬក៏ទៅនឹងថ្មមួយ អញ្ចឹងការធ្វើបែបនេះ យើងហៅថាការបោកស្រូវ ឬក៏ការបែនស្រូវ អញ្ចឹងដើម្បីប្រឡេះយកគ្រាប់ស្រូវចេញពីដើម គឺយើងអត់ប្រើដៃយើងប្រឡេះគ្រាប់ស្រូវម្ដងមួយគ្រាប់នោះទេ គឺវាប្រើពេលយូរ ដោយសារតែដើមស្រូវនីមួយៗគឺមានផ្លែច្រើន ហើយក្នុងស្រែនីមួយៗគឺមានដើមស្រូវច្រើនផងដែរ ដូច្នេះ ដើម្បីឲ្យចំណេញពេលវេលា គឺយើងយកដើមស្រូវទាំងនោះទៅបោកទៅនឹងថ្ម ឬក៏បោកទៅនឹងក្ដារមួយបន្ទះ ដើម្បីឲ្យគ្រាប់ស្រូវជ្រុះមកក្រោម អញ្ចឹងដើម្បីប្រមូលផលស្រូវឲ្យបានល្អ គឺគេអត់បោកទៅផ្ទាល់នឹងដីនោះទេ គឺគេមានក្រាលកន្ទេលមួយ ដែលប្រជាជនកម្ពុជាតែងតែប្រើកន្ទេលដែលធ្វើអំពីស្លឹកត្នោត អញ្ចឹងគឺយើងបោកស្រូវនៅលើកន្ទេលស្លឹកត្នោត ហើយនៅពេលដែលគ្រាប់ស្រូវជ្រុះមក គឺជ្រុះនៅលើកន្ទេល ដូច្នេះកសិករងាយស្រួលប្រមូល ដោយមិនឲ្យគ្រាប់ស្រូវទាំងនោះប្រឡាក់ជាមួយនឹងដី អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញកសិករ គាត់ពាក់អាវដៃវែង ខោជើងវែងដដែល ព្រោះថាដើមស្រូវគឺធ្វើឲ្យយើង អាចធ្វើឲ្យយើងរមាស់បាន ប្រសិនបើយើងអត់ពាក់អាវដៃវែង ឬក៏អត់ពាក់ខោជើងវែងទេ នៅពេលដែលយើងប៉ះពាល់ជាមួយដើមស្រូវ គឺដើមស្រូវអាចធ្វើឲ្យយើងរមាស់ខ្លួនបាន ដូច្នេះដើម្បីកុំឲ្យរមាស់គឺយើងត្រូវការពារខ្លួនយើងដោយពាក់អាវដៃវែង ឬក៏ខោជើងវែងជាដើម អញ្ចឹងនៅក្នុងរូបភាពនេះគឺគាត់កំពុងតែកាន់ដើមស្រូវមួយគុម្ព ហើយបោកទៅនឹងថ្មមួយ អញ្ចឹងនៅពេលដែលបោក គឺយើងឃើញគាត់បោកម្ដងមួយគុម្ពហើយយើងឃើញគ្រាប់ស្រូវកំពុងតែជ្រុះចេញពីដើមស្រូវទាំងនោះ អញ្ចឹងយើងឃើញនៅខាងមុខថ្ម គឺមានគ្រាប់ស្រូវពណ៌លឿងជាច្រើន ដែលជ្រុះនៅខាងមុខថ្ម អញ្ចឹងយើងឃើញថា គាត់បោកស្រូវដើម្បីយកស្រូវចេញពីដើមស្រូវ ដោយនៅខាងក្រោយគាត់ យើងឃើញ មានដើមស្រូវជាច្រើនទៀត ដែលមិនទាន់បោករួចរាល់ ដូច្នេះកសិករគាត់ត្រូវតែបោកស្រូវ ដើម្បីប្រមូលផលស្រូវចេញពីដើមស្រូវ អញ្ចឹងនៅពេលដែលយើងប្រមូលផលស្រូវចេញពីដើមស្រូវរួចរាល់ហើយ ដើមស្រូវដែលអត់មានគ្រាប់ស្រូវ យើងហៅថាចំបើង អញ្ចឹងដើមស្រូវគឺមានប្រយោជន៍ផងដែរ នៅពេលដែលយើងប្រមូលផល ឬក៏ប្រមូលស្រូវ បោកស្រូវចេញពីដើមអស់ហើយ គឺយើងអាចយកដើមស្រូវទាំងនោះ យកទៅឲ្យសត្វគោ ឬក៏សត្វក្របីស៊ី អញ្ចឹងសត្វគោ សត្វក្របី វាស៊ីដើមស្រូវ ឬក៏ចំបើង ជាអាហារ ដូច្នេះកសិករគាត់អត់យកចំបើង ឬក៏ដើមស្រូវដែលអស់គ្រាប់នោះ យកទៅបោះចោលនោះទេ គឺគាត់អាចយកទៅឲ្យគោ ក្របីរបស់គាត់ស៊ីជាអាហារផងដែរ ដូច្នេះនៅក្នុងរូបភាពទីគឺកសិករ គាត់កំពុងតែបោកស្រូវរបស់គាត់ទៅនឹងថ្ម ឬក៏បោកស្រូវរបស់គាត់ទៅនឹងក្ដារមួយបន្ទះ ដើម្បីប្រមូលគ្រាប់ស្រូវចេញពីដើមស្រូវ ហើយយកគ្រាប់ស្រូវនោះទៅប្រើប្រាស់