KhmerPronunciationEnglish/Notes#occ
អង្ករ ʔɑŋkɑɑ uncooked, dehusked rice 43/7

Link to overview page
Link to dictionary

Talking about the taste of food 2 — Additional dialogue


សុភាគុយទាវគេអីក៏សាបម៉េះ?
ធីតាគេចង់ឲ្យយើងថែមគ្រឿងខ្លួនឯងហើយមើលទៅណេះ! គ្រឿងថែមអីខ្លះអត់?
សុភាថែមអំបិល ថែមស្ករតិចសិនម្ហូបរបស់ធីតាឯង អត់អីអេអ៎?
ធីតាបាយឆាខ្ញុំមែន? មិនបាច់និយាយទេ ដូចញ៉ាំអង្ករអីចឹងរឹងកំព្រឹស
សុភាហាងហ្នឹង ម៉ោតែម្ដងឈប់ម៉ោម៉ង
ធីតាមែនហ្នឹង

Rice (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ គឺយើងឃើញ បន្ទាប់ពីគេវាល់អង្ករចេញពីក្នុងបាវហើយ គេក៏ចាក់អង្ករនោះចូលទៅក្នុងឆ្នាំងមួយ អញ្ចឹងដើម្បីឲ្យ ច្បាស់លាស់នៅក្នុងការដាំបាយ គឺយើងប្រើកំប៉ុង ឬក៏ប្រើចានដើម្បីវាល់ អញ្ចឹងវាជារង្វាស់រង្វាល់ ដើម្បីវាស់ថាតើយើងត្រូវការអង្ករប៉ុន្មានដើម្បីញ៉ាំគ្រប់គ្នា ដូច្នេះគឺយើងប្រើកំប៉ុងឬក៏ចាន ដើម្បីវាល់អង្ករ អញ្ចឹងនៅក្នុងរូបភាពទី ១៣ គឺយើងឃើញ បន្ទាប់ពីគេយកចានដួសអង្ករចេញពីក្នុងបាវហើយ គេយកអង្ករនោះទៅចាក់ចូលទៅក្នុងឆ្នាំង ដោយនៅក្នុងឆ្នាំងនោះ យើងហៅថាឆ្នាំងដាំបាយ អញ្ចឹងនៅក្នុងរូបភាពនេះ គឺយើងយកអង្ករចាក់ចូលទៅក្នុងឆ្នាំងដើម្បីដាំបាយ

Rice (Sakanan) — 12


បន្ទាប់មករូបភាពទី ១២ នៅក្នុងរូបភាពទី ១២ យើងឃើញ បន្ទាប់ពីគេកិនស្រូវហើយ ស្រូវនោះនឹងក្លាយទៅជាអង្ករ អញ្ចឹងអង្ករគឺមានពណ៌ដែលខុសពីស្រូវ ដោយស្រូវគឺមានពណ៌មាស ដោយសារតែសំបករបស់អង្ករគឺមានពណ៌លឿង ដូច្នេះនៅពេលដែលអង្ករមិនទាន់បានបកសំបកចេញគេហៅថាស្រូវ នៅពេលដែលគេបកសំបកចេញរួចហើយ គឺគេហៅថាអង្ករ អញ្ចឹងអង្ករគឺមានពណ៌ ដូច្នេះនៅក្នុងរូបភាពទី ១២ គឺយើងឃើញគេកំពុងតែយកចានមួយចូកអង្ករចេញពីក្នុងបាវ អញ្ចឹងចានមួយ គឺយើងឃើញមានដៃមួយកំពុងតែកាន់ចានពណ៌ខៀវ ហើយចូកអង្ករពណ៌ចេញពីក្នុងបាវពណ៌លឿងមួយ អញ្ចឹងគេចូកអង្ករ ដើម្បីយកទៅប្រើប្រាស់ដូចជាដាំបាយ ឬក៏ដាំបបរផ្សេងអញ្ចឹងរូបភាពនេះ គឺគេកំពុងតែវាល់អង្ករចេញពីក្នុងបាវដើម្បីយកទៅដាំបាយ

Rice (Sakanan) — 14


បន្ទាប់មកទៀតរូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ យើងឃើញ បន្ទាប់ពីយើងវាល់អង្ករចាក់ចូលទៅក្នុងឆ្នាំងរួចរាល់ហើយ គឺគេចាក់ទឹកចូលទៅក្នុងឆ្នាំងផងដែរ អញ្ចឹងដើម្បីដាំបាយ ឬក៏ដាំបបរ គឺយើងត្រូវការអង្ករ និងត្រូវការទឹក អញ្ចឹងបន្ទាប់ពីគេដាក់អង្ករចូលក្នុងឆ្នាំ គេត្រូវចាក់ទឹកល្មមចូលទៅក្នុងឆ្នាំងបាយនោះផងដែរ ដើម្បីដាំ អញ្ចឹងនៅក្នុងរូបភាពទី ១៤ នេះ គឺយើងឃើញ យើងឃើញគេកំពុងតែចាក់ទឹកចូលទៅក្នុងឆ្នាំង ក្នុងកម្រិតបរិមាណមួយល្មមដើម្បីដាំបាយ បន្ទាប់មកទៀតគឺគេយកគម្របឆ្នាំងដើម្បីគ្រប ហើយគេយកឆ្នាំងនោះទៅដាក់នៅលើភ្លើង ឬក៏ដាក់នៅលើចង្ក្រាន អញ្ចឹងដើម្បីដាំបាយ គឺគេត្រូវការប្រើប្រាស់ភ្លើងចង្ក្រាន ដើម្បីដាំឲ្យក្ដៅផងដែរ អញ្ចឹងនៅពេលដែលយើងដាក់ទឹកលាយជាមួយអង្ករទៅក្នុងឆ្នាំង ហើយយកទៅដាក់នៅលើចង្ក្រានដែលមានភ្លើង នោះទឹកនឹងចាប់ផ្ដើមពុះ នៅពេលដែលទឹកចាប់ផ្ដើមពុះ អង្ករដែលនៅក្នុងឆ្នាំងនឹងចាប់ផ្ដើមរីក អញ្ចឹងយើងឃើញមានផ្សែងហុយចេញពីគម្របឆ្នាំងផងដែរ អញ្ចឹងនៅពេលដែលផ្សែងហុយ គឺមានន័យថាទឹកពុះ ឬក៏បាយពុះ អញ្ចឹងយើងត្រូវមើលថាតើអង្ករនោះរីកហើយឬនៅ នៅពេលដែលអង្កររីក គឺបានន័យថាវាក្លាយទៅជាបាយ អញ្ចឹងមុនពេលដែលដាំគឺយើងហៅថាអង្ករ នៅពេលដែលយើងយកទៅដាំជាមួយនឹងទឹក ហើយវារីកហើយ គឺយើងហៅថាបាយ ដូច្នេះនៅក្នុងរូបភាពទី ១៤ គឺគេកំពុងតែដាំបាយ ដោយយើងឃើញមានឆ្នាំងបាយកំពុងតែពុះ ហុយផ្សែងចេញទៅលើ បានន័យថាឆ្នាំងនោះកំពុងតែក្ដៅ ហើយបាយកំពុងតែពុះ

Rice (Sakanan) — 16


បន្ទាប់មកទៀតរូបភាពទី ១៦ រូបភាពទី ១៦ គឺយើងនិយាយអំពីឧបករណ៍សម្រាប់ដាក់បាយ អញ្ចឹងឧបករណ៍សម្រាប់ដាក់បាយគឺមានច្រើន អញ្ចឹងឆ្នាំងគឺយើងប្រើសម្រាប់ដាំបាយ រីឯចានគឺយើងប្រើប្រាស់សម្រាប់ដាក់បាយ អញ្ចឹងនៅពេលដែលយើងញ៉ាំបាយ គឺយើងអត់ញ៉ាំនៅក្នុងឆ្នាំងនោះទេ គឺយើងញ៉ាំនៅក្នុងចាន ដូច្នេះយើងត្រូវដួសបាយដាក់ក្នុងចាន ដើម្បីញ៉ាំ រីឯជំនាន់បុរាណ ឬក៏សម័យបុរាណ គឺគេអត់មានចានប្រើប្រាស់នោះទេ បានន័យថាចាន គឺគេប្រើប្រាស់នៅសម័យបច្ចុប្បន្ន ក៏ប៉ុន្តែនៅក្នុងសម័យបុរាណគឺគេអត់មានចានប្រើប្រាស់ទេ គឺគេប្រើប្រាស់ស្មុគ អញ្ចឹងស្មុគគឺជាឧបករណ៍សម្រាប់ដាក់បាយមួយ ដែលធ្វើឡើងអំពីស្លឹកត្នោត អញ្ចឹងដូចដែលយើងឃើញនៅក្នុងរូបភាពទី ១៦ គឺចានមានពណ៌ផ្កាឈូក ដែលមានបាយនៅក្នុងនោះ ដែលនៅក្បែរចាននោះគឺមានស្មុគមួយពណ៌លឿង ដែលធ្វើអំពីស្លឹកត្នោត អញ្ចឹងពីបុរាណ គេប្រើប្រាស់ស្មុគ ដែលធ្វើអំពីស្លឹកត្នោត ដើម្បីដួសបាយ ឬក៏ដាក់បាយដើម្បីហូប អញ្ចឹងស្មុគធ្វើពីស្លឹកត្នោត ហើយមានគម្របស្លឹកត្នោតផងដែរ ដែលឧបករណ៍ទាំងពីរនេះ គឺយើងអាចប្រើប្រាស់ដាក់បាយបានដូចគ្នា ចំណែកឯយើងឃើញមាននៅក្បែរនោះ គឺមានពំនូកបាយមួយទៀតរាងពណ៌ក្រមៅបន្តិច អញ្ចឹងបាយពណ៌ក្រមៅអាចជាបាយដំណើប យើងហៅថាបាយដំណើប ដូច្នេះបាយវាមានច្រើនប្រភេទ វាមានអង្ករខ្សាយ ឬក៏អង្ករធម្មតា ហើយមួយទៀតគឺអង្ករដំណើប អញ្ចឹងអង្ករដំណើប ក៏គេប្រើប្រាស់ឬក៏ញ៉ាំផងដែរនៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែអង្ករដំណើប ឬក៏បាយដំណើប គឺយើងប្រើប្រាស់សម្រាប់ធ្វើជាបង្អែម អញ្ចឹងយើងអត់ញ៉ាំនៅក្នុងពេលប្រចាំថ្ងៃនោះទេ គឺយើងប្រើប្រាស់វាសម្រាប់ធ្វើជាបង្អែម ដោយយើងមានបង្អែមបាយដំណើបសំខ្យាជាដើម ចំណែកឯអង្ករខ្សាយ អង្ករធម្មតា គឺយើងដាំបាយញ៉ាំរាល់ថ្ងៃ ជាមួយនឹងម្ហូបផ្សេងដូច្នេះនៅក្នុងប្រទេសកម្ពុជា គឺយើងធ្វើស្រែ ដើម្បីយកស្រូវ ដើម្បីយកអង្ករ យកមកដាំបាយហូប ឬក៏ដាំបាយញ៉ាំជាមួយនឹងម្ហូបផ្សេងអញ្ចឹងនៅខាងអឺរ៉ុប យើងឃើញគាត់អត់សូវញ៉ាំបាយនោះទេ ប៉ុន្តែភាគច្រើនគាត់ញ៉ាំនំប៉័ង ប៉ុន្តែប្រជាជននៅក្នុងអាស៊ី ភាគច្រើនគឺ ជាពិសេសនៅក្នុងអាស៊ីអាគ្នេយ៍ គឺយើងញ៉ាំបាយជាអាហារ ជាក់ស្ដែងដូចជាប្រទេសកម្ពុជា គឺយើងញ៉ាំបាយជាអាហារប្រចាំថ្ងៃរបស់យើង សម្រាប់អាហារបីពេល គឺពេលព្រឹក ពេលល្ងាច និងពេលថ្ងៃត្រង់ គឺយើងប្រើប្រាស់បាយអង្ករធម្មតាដើម្បីញ៉ាំ ក៏ប៉ុន្តែនៅក្នុងប្រទេសជិតខាង ដូចជាប្រទេសឡាវជាដើម គឺគាត់ប្រើប្រាស់អង្ករដំណើប ដើម្បីញ៉ាំបាយជាប្រចាំថ្ងៃ

Rice (Sakanan) — 10


បន្ទាប់មកទៀតរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញ បន្ទាប់ពីកសិករ គាត់ប្រមូលផលស្រូវ ឬក៏គាត់ប្រឡេះគ្រាប់ស្រូវ បោកស្រូវចេញពីដើមស្រូវរួចរាល់ហើយ គាត់យកគ្រាប់ស្រូវនោះមកហាល អញ្ចឹងជាទូទៅគឺគ្រាប់ស្រូវ នៅពេលដែលយើងប្រមូលផលរួច គឺមានលក្ខណៈសើមបន្តិច អញ្ចឹងដើម្បីឲ្យវាស្ងួតល្អ ដើម្បីឲ្យគ្រាប់ស្រូវនោះស្ងួតល្អ គឺយើងត្រូវយកវាមកហាលក្រោមពន្លឺព្រះអាទិត្យ ដែលរូបភាពទី ១០ នេះ យើងឃើញមានផ្ទះមួយខ្នងពណ៌ប្រផេះ ហើយផ្ទះនោះគឺជាផ្ទះរបៀបដែល[អ្នក]នៅស្រុកស្រែ គឺគាត់ធ្វើផ្ទះខ្ពស់ផុតពីដី ដែលមានជើងសសរផងដែរ អញ្ចឹងនៅក្នុងផ្ទះនេះ យើងឃើញមានជើងសសរបួន ហើយមានកាំជណ្ដើរមួយដើម្បីឡើងទៅលើផ្ទះ អញ្ចឹងនៅខាងមុខផ្ទះគឺមានរានហាល ដោយឡើងពីកាំជណ្ដើរទៅ យើងឡើងទៅដល់រានហាល បន្ទាប់មកគឺយើងឃើញផ្ទះមានបង្អួច និងមានដំបូលមួយផងដែរ អញ្ចឹងផ្ទះនេះគឺជាផ្ទះរបៀបស្រុកស្រែ ដែលគេធ្វើខ្ពស់ផុតពីដី ដែលនៅក្បែរផ្ទះនោះគឺយើងឃើញមានពាងមួយ ពាងសម្រាប់ដាក់ទឹក អញ្ចឹងជាទូទៅនៅស្រុកស្រែចំការ គឺអត់មានទឹកម៉ាស៊ីននោះទេ ដូច្នេះហើយគឺកសិករ គាត់ប្រើប្រាស់ពាង ដើម្បីត្រងទឹកភ្លៀង អញ្ចឹងនៅពេលដែលមានភ្លៀងមក គឺកសិករត្រងទឹកភ្លៀងដាក់ចូលក្នុងពាងដើម្បីទុកប្រើប្រាស់ ហើយយើងឃើញនៅខាងក្រោយផ្ទះគឺមានភ្នំមួយ អញ្ចឹងភ្នំមួយនោះ គឺនៅជិតផ្ទះរបស់គាត់ ហើយមានដើមឈើជាច្រើនផងដែរ ដែលយើងឃើញដើមខ្លះ គឺជាដើមត្នោត ហើយដើមឈើផ្សេងទៀតជាច្រើនដែលដុះនៅក្បែរផ្ទះរបស់គាត់ ដោយយើងឃើញនៅខាងមុខផ្ទះគឺមានកន្ទេលមួយ ឬក៏តង់កៅស៊ូមួយពណ៌ខៀវ ហើយនៅលើតង់កៅស៊ូ ឬក៏នៅលើកន្ទេលពណ៌ខៀវនោះ គឺមានគ្រាប់ស្រូវពណ៌មាសជាច្រើន អញ្ចឹងគ្រាប់ស្រូវទុំគឺមានពណ៌មាស ឬក៏ពណ៌លឿង ហើយមានក្លិនក្រអូបផងដែរ គឺ អាចនៅពេលដែលយើងដើរក្បែរស្រូវទុំ គឺយើងមានក្រអូប ឬក៏ប្រហើរស្រូវទុំផងដែរ ការហាលស្រូវគឺយើងហាលនៅក្រោមពន្លឺព្រះអាទិត្យ អញ្ចឹងយើងឃើញព្រះអាទិត្យកំពុងតែរះ និងបញ្ចេញពន្លឺ និងបញ្ចេញកម្ដៅមកលើគ្រាប់ស្រូវដើម្បីឲ្យស្ងួត ដូច្នេះគ្រាប់ស្រូវដែលយើងទើបតែប្រមូលផលបានភ្លាមគឺមានសភាពសើមដូច្នេះហើយគឺយើងអត់អាចយកមកប្រើប្រាស់បានទេ អញ្ចឹងយើងត្រូវធ្វើយ៉ាងណាឲ្យគ្រាប់ស្រូវស្ងួតជាមុនសិន មុននឹងយើងយកមកបោកឬក៏យកមកកិន ដើម្បីចេញជាអង្ករ អញ្ចឹងនៅក្នុងរូបភាពទី ១០ គឺយើងឃើញកសិករ គាត់កំពុងតែហាលស្រូវរបស់គាត់នៅក្រោមពន្លឺព្រះអាទិត្យ ដើម្បីឲ្យស្រូវរបស់គាត់ស្ងួត

Rice (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ នៅក្នុងរូបភាពទី ១១ យើងឃើញមានត្បាល់មួយ អញ្ចឹងត្បាល់សម្រាប់បុកស្រូវ ដោយត្បាល់នោះគឺយើងឃើញជាត្បាល់ជាន់ ដោយយើងធ្វើអំពីឈើ ដោយត្បាល់នោះគឺមានសសរពីរដើម សសរពីរដើមនោះចោះដោយដែកមួយ ហើយមានសសរមួយទៀតនៅកណ្ដាល ដែលមានរាងវែងបន្តិចផ្ដេកទៅមុខ អញ្ចឹងសសរទាំងពីរ ទាំងបីនោះ ភ្ជាប់គ្នាដោយដែកមូលមួយនៅកណ្ដាល ហើយនៅពេលដែលយើងឃើញសសរផ្ដេកនោះ គឺមានចុងម្ខាង គឺមានបណ្ដូល ដូច្នេះគឺ បណ្ដូលនោះ គឺជា យើងហៅថាអង្រែសម្រាប់បុកស្រូវ អញ្ចឹងត្បាល់នេះគឺជាប្រភេទត្បាល់ជាន់ ហើយយើងជាន់នៅចុងម្ខាង ដើម្បីឲ្យចុងម្ខាងទៀតបះ ហើយនៅក្រោមត្បាល់ផ្ដេក ឬក៏ឈើផ្ដេកនោះ គឺយើងឃើញមានត្បាល់មួយ ដែលមានរាងប្រហោងកណ្ដាល ដូច្នេះយើងដាក់ស្រូវចូលទៅក្នុងប្រហោងកណ្ដាលនោះ ហើយយើងជាន់អង្រែ ដើម្បីបុកស្រូវឲ្យចេញជាអង្ករ នេះគឺជាវិធីបុរាណសម្រាប់ធ្វើការបកគ្រាប់ស្រូវ ដើម្បីយកអង្ករ គឺយើងហៅថាបុកស្រូវដើម្បីយកអង្ករ អញ្ចឹងវិធីបុរាណនេះគឺវាពិបាកនៅក្នុងការប្រើប្រាស់បន្តិច ដោយសារតែយើងត្រូវប្រើប្រាស់កម្លាំងច្រើន ដើម្បីបកគ្រាប់ស្រូវ ដើម្បីយកអង្ករពណ៌ អញ្ចឹងដើម្បីមុននឹងបានអង្ករ គឺយើងត្រូវបុកស្រូវជាមុនសិន ដើម្បីឲ្យគ្រាប់ស្រូវទាំងនោះបែក ហើយចេញជាអង្ករមក ប៉ុន្តែបច្ចុប្បន្ននេះគឺគេប្រើម៉ាស៊ីន ដូចជាយើងឃើញនៅក្នុងរូបភាពទី ១១ ដដែល ដែលនៅខាងស្ដាំដៃ គឺជាម៉ាស៊ីនកិនស្រូវ អញ្ចឹងនៅសម័យបច្ចុប្បន្ន គេលែងប្រើត្បាល់ជាន់ ឬក៏ត្បាល់បុកស្រូវទៀតហើយ ដោយសារតែវាយូរនិងពិបាក ហើយប្រើប្រាស់កម្លាំងច្រើន ដូច្នេះគេប្រើម៉ាស៊ីនដើម្បីកិនស្រូវតែម្ដង អញ្ចឹងយើងគ្រាន់តែចាក់គ្រាប់ស្រូវរបស់យើង ដែលហាលរួច ដែលហាលស្ងួតរួច ចូលទៅក្នុងម៉ាស៊ីន នោះម៉ាស៊ីននឹងចាប់ផ្ដើមកិន ហើយបំបែកគ្រាប់ស្រូវដោយបកគ្រាប់ស្រូវចេញជាអង្ករភ្លាមអញ្ចឹងអង្ករគឺព័ទ្ធដោយគ្រាប់ស្រូវសំបកស្រូវ អញ្ចឹងនៅពេលដែលយើងបកសំបកស្រូវនោះចេញ នឹងមានអង្ករពណ៌នៅក្នុងនោះ អញ្ចឹងនៅពេលដែលយើងចាក់គ្រាប់ស្រូវដែលស្ងួត ចូលទៅក្នុងម៉ាស៊ីន ម៉ាស៊ីននឹងធ្វើការបកគ្រាប់ស្រូវនោះឲ្យចេញជាអង្ករពណ៌តែម្ដង គឺវាចំណេញពេល និងមិនសូវពិបាកដល់កម្លាំងមនុស្សផងដែរ ហើយសំបកស្រូវ ដែលបកចេញជាអង្ករហើយ វានឹងក្លាយទៅជាកន្ទក់ ដូច្នេះកន្ទក់គឺយើងអាចយកទៅចិញ្ចឹមសត្វផងដែរ ដូចជាសត្វជ្រូកគឺវាស៊ីកន្ទក់ ដែលជាសំបកស្រូវនោះឯង ហើយអង្ករគឺមនុស្សយកមកបរិភោគ ដូច្នេះនៅក្នុងរូបភាពទី ១១ គឺបង្ហាញអំពីការបកគ្រាប់ស្រូវពីវិធីបុរាណនិងវិធីសម័យ ដោយវិធីបុរាណ គេបកគ្រាប់ស្រូវ ដោយប្រើប្រាស់ត្បាល់បុកស្រូវ ឬក៏ត្បាល់ជាន់ រីឯសម័យ ឬក៏ពេលបច្ចុប្បន្ន គឺយើងប្រើប្រាស់ម៉ាស៊ីនកិនស្រូវ ដូច្នេះការបកគ្រាប់ស្រូវគឺមានវិធីពីរ គឺប្រើប្រាស់វិធីបុរាណ និងប្រើប្រាស់វិធីសម័យ ឬក៏បច្ចុប្បន្ន ដោយប្រើប្រាស់ម៉ាស៊ីនកិនស្រូវ